(ប៉េកាំង)៖ គ្រាន់តែប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាន់ដីទីក្រុងប៉េកាំងប្រទេសចិនភ្លាម ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនចិន បានចុះហត្ថលេខាភ្លែតតែម្តង ទៅលើកិច្ចព្រមព្រៀងផ្សេងៗ មានតម្លៃសរុបជាទឹកប្រាក់ប្រមាណ ០៩ពាន់លានដុល្លារ នាឱកាសចាប់ផ្តើមនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិករូបនេះ មកកាន់មហាយក្សធំបំផុតប្រចាំទ្វីបអាស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាមួយគ្នានេះ បន្ទាប់ពីការមកដល់របស់ប្រធានាធិបតីអាមេរិក ប្រធានាធិបតីចិន លោក ស៊ីន ជិនពីង និងភរិយាលោកស្រី ភេង លីយ័ន (Peng Liyuan) បានធ្វើការទទួលស្វាគមន៍ លោក ដូណាល់ ត្រាំ រួមនិងភរិយាលោកស្រី មេឡានា ត្រាំ (Melania Trump) នៅឯព្រះរាជវាំងសម័យបុរាណ Forbbiden City របស់ចិននៅឯរដ្ឋធានីប៉េកាំង មុនឈានដល់កិច្ចពិភាក្សាផ្លូវការ ស្តីពីប្រធានបទសំខាន់ៗជាច្រើន។
ឱកាសនោះថ្នាក់ដឹកនាំ នៃប្រទេសមហាអំណាចទាំងពីរ បានចូលរួមពិសាតែពេលរសៀលជាមួយគ្នា ហើយនិងបានដើរទស្សនានៅតាមសាលសំខាន់ៗចំនួន ០៣កន្លែង នៃអតីតវាំងដ៏ចំណាស់នេះ។ នេះគឺជាជំនួបលើកទី ៣ ហើយរវាង លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ក្រោយពីមេដឹកនាំទាំង ២ បានជួបគ្នាពីរលើករួចមកហើយ នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក និងនៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់នាឆ្នាំនេះ ប៉ុន្តែជាលើកទី ១ ដែលលោក ត្រាំ មកដល់ប្រទេសចិន។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមកដល់ទីក្រុងប៉េកាំង កាលពីប៉ុន្មានម៉ោងមុននេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដែលមានរយៈពេល ០៣ថ្ងៃ ០២យប់ នៅក្នុងប្រទេសចិន បន្ទាប់ពីរូបលោកទើបតែបានបញ្ចប់ទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូងហើយថ្មីៗ៕