​(ប៉េកាំង)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងស្នើឱ្យចិន​កាត់ផ្ដាច់ទំនាក់ទំនង​ហិរញ្ញវត្ថុជាមួយ​កូរ៉េខាងជើង ក៏ដូចជាគោរព​ឱ្យមានខ្ជាប់ខ្ជួន​ ចំពោះដំណោះស្រាយដាក់​ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជជាតិ នៅអំឡុងពេល​លោកជួបពិភាក្សា​ការងារ ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ នេះបើតាមមន្ត្រី​ជាន់ខ្ពស់​សេតវិមានម្នាក់ ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters ​នៅរសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានធ្វើដំណើរ​ទៅដល់ទីក្រុងប៉េកាំង​ហើយ នៅរសៀលថ្ងៃពុធនេះ សម្រាប់ដំណើរទស្សនកិច្ច ០២យប់ បន្ទាប់ពីបញ្ចប់ទស្សនកិច្ច​នៅកូរ៉េខាងត្បូង ជាទីដែលលោក បានពិភាក្សាពី​បញ្ហាកូរ៉េខាងជើង​ជាមួយថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង។ ប៉ុន្តែទន្ទឹមគ្នា​មន្ត្រីជាន់ខ្ពស់​សេតវិមានម្នាក់ បានប្រាប់​អ្នកសារព័ត៌មាន​លើយន្ដហោះ Air Force One ថា លោក ត្រាំ មិនទាន់ចិត្តនៅឡើយទេថា នឹងប្រកាសដាក់ឈ្មោះ​កូរ៉េខាងជើង​ ជារដ្ឋគំាទ្រភេរវករ ឬក៏យ៉ាងណានោះ ក្រោយបញ្ចប់​ទស្សនកិច្ច​នៅអាស៊ី។

គួរបញ្ជាក់ថា ក្រោយ​កូរ៉េខាងជើង​បំផ្ទុះក្បាលគ្រាប់នុយក្លេអែរ​ជាលើកទី០៦ កាលពី​ខែកញ្ញា ទីក្រុងប៉េកាំង បានសម្រេចចិត្ត​ដាក់ទណ្ឌកម្មជា​ច្រើន ប្រឆាំងនឹង​កូរ៉េខាងជើង។ ប៉ុន្តែ អ្នកជំនាញខ្លះយល់ថា បើទោះជាទីក្រុង​ប៉េកាំង​ធ្វើបែបនេះ​ក៏ដោយ ក៏មិនមែនមានន័យថា ចិនព្រមលែង​ដៃកូរ៉េខាងជើ​ង ​ឱ្យ​សហរដ្ឋអាមេរិក​ធ្វើអ្វីតាមចិត្តនោះដែរ ហើយម្យ៉ាងវិញ​ទៀត បើសិន​ជាចិន​ចង់ទប់ទល់​នឹង ការពង្រីក​ឥទ្ធិពលយោធា​អាមេរិក​នៅក្នុងតំបន់ ទីក្រុងប៉េកាំង​នៅតែត្រូវការ​កូរ៉េខាងជើង​ជាដាច់ខាត៕

.