(ប៉េកាំង)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញធ្វើដំណើរមកដល់ទីក្រុងប៉េកាំង នៃប្រទេសចិនហើយនារសៀលថ្ងៃពុធនេះ ដែលវាគឺជាទីសំចតទី ៣ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចជាលើកដំបូង របស់មេដឹកនាំអាមេរិករូបនេះមកកាន់តំបន់អាស៊ី បន្ទាប់ពីលោកបានស្កាត់ចូលជប៉ុនព្រមទាំងកូរ៉េខាងត្បូង គិតចាប់តាំងពីសប្តាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទស្សនកិច្ចនៅចិននេះ នឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ជាងគេ ជុំវិញទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ហើយកូរ៉េខាងជើងនឹងក្លាយជាប្រធានបទក្តៅនៅលើតុ។
ដំណើរមកដល់របស់លោក ដូណាល់ ត្រាំ នេះ ត្រូវបានធ្វើឡើងក្រោយពីរូបលោក បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃ នៅឯប្រទេសកូរ៉េខាងត្បូង ជាមួយការលុបចោលការទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនគ្មានយោធា (DMZ) រវាងប្រទេសកូរ៉េទាំងពីរ ព្រមទាំងការថ្លែងសារព្រមានយ៉ាងធ្ងន់ សំដៅទៅកាន់កូរ៉េខាងជើង បន្ទាប់ពីរូបលោក បានបន្តដំណើរមកពីប្រទេសជប៉ុន ដែលជាគោលដៅទីមួយ នៃដំណើរបំពេញទស្សនកិច្ច មេដឹកនាំអាមេរិករូបនេះនៅអាស៊ី។
គួរបញ្ជាក់ថា ក្រៅពីនេះមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នឹងបន្តឆ្ពោះទៅកាន់ទីក្រុងដាណាង (Danang) ប្រទេសវៀតណាមនាថ្ងៃទី១០ ខែវិច្ឆិកានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់មេដឹកនាំពិភពលោក APEC ព្រមទាំងទីក្រុងហាណូយ ដើម្បីជួបជាមួយមេដឹកនាំវៀតណាម។ ជាចុងក្រោយ លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រដ្ឋធានីម៉ានីល របស់ហ្វីលីពីន ដើម្បីចូលកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀតរបស់អាស៊ាន រួមទាំងជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៕