(វ៉ាស៊ីនតោន)៖ ក្រោយមានករណីបាញ់ប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់ ប្រជាជនអាមេរិកមួយចំនួនកំពុងនាំគ្នាគិតថា តើការប្រើប្រាស់កាំភ្លើងសម្លាប់មនុស្ស គឺជារឿងធម្មតា ឬក៏ យ៉ាងណា ខណៈការជជែកដេញដោលពីច្បាប់គ្រប់គ្រងអាវុធ ហាក់ដូចជាកក្រើកឡើងវិញ ក្រោយខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់មនុស្ស ២៦នាក់ ក្នុងរដ្ឋតិចសាស់ កាលពីចុងសប្ដាហ៍ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទាក់ទិននឹងបញ្ហានេះដែរ ថ្លែងនៅប្រាប់ស៊ីនហួរ អ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Brookings Institution លោក Fellow Darrell West បានលើកឡើងដូច្នេះថា៖ «ការបាញ់ប្រហារ សម្លាប់មនុស្សទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក បានក្លាយជាទម្លាប់ថ្មីទៅហើយ ត្បិតវាកើតឡើងស្ទើជាប្រចំា និងទំនងជាអាចបន្តកើតឡើង ខណៈការទិញកាំភ្លើង គឺជារឿងងាយស្រួលបំផុត សូម្បីតែមនុស្សឆេវឆាវ ក៏អាចទទួល ឬប្រើប្រាស់កាំភ្លើងបានដែរ»។
គួរបញ្ជាក់ថា បើតាម ទីភ្នាក់ងារស្រាវជ្រាវមួយរបស់សភាអាមេរិក (Congressional Research service) កាំភ្លើងប្រមាណជាង ៣០០លានដើម នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានកាន់កាប់ដោយបុគ្គលមិនមែនជាយោធា ឬស្មើនឹង ២៥ ទៅ ៥០ភាគរយ នៃប្រជាជនស៊ីវិលកាន់កាប់កាំភ្លើងនៅលើពិភពលោក។ នេះបើតាម Small Arms Survey៕