(ម៉ូស្គូ)៖ អតីតអគ្គរដ្ឋទូតអង់គ្លេសប្រចាំប្រទេសស៊ីរី លោក Peter Ford បាននិយាយថា ការដែលទីក្រុងរីយ៉ាដចោទប្រកាន់ថា ប្រទេសលីបង់កំពុងប្រកាសសង្រ្គាមជាមួយអារ៉ាប៊ីសាអូឌីតនោះ គឺវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ តែវាគួរឱ្យអស់សំណើចទៅវិញ ខណៈព្រះអង្គម្ចាស់រាជទាយាទ កំពុងធ្វើយុទ្ធនាការបោសសំអាតក្រុមមន្ត្រី និងព្រះអង្គម្ចាស់ដែលទ្រង់មើលឃើញថា ពុករលួយ ឬប៉ះពាល់ដល់ការពង្រឹងអំណាចរបស់ទ្រង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាម លោក Peter Ford ព្រះអង្គម្ចាស់ស្នងរាជ្យ Mohammed bin Salman កំពុងពង្រឹងអំណាចនៅក្នុងដៃរបស់ខ្លួន ខណៈទ្រង់នៅមានបទសោធន៍ក្មេងខ្ចីនៅឡើយ។ លោក Ford បានបញ្ជាក់ប្រាប់ Sputnik ដូច្នេះថា «ព្រះអង្គម្ចាស់ Mohammed bin Salman នៅមានបទសោធន៍ក្មេងខ្ចីនៅឡើយ ទាំងកិច្ចការក្នុង និងក្រៅស្រុក នៅក្នុងបរិបទដែលព្រះ អង្គនឹងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា សង្រ្គាមនៅយ៉េមែន ជម្លោះជាមួយកាតា ហើយនៅពេលនេះទ្រង់កំពុងស្វែងរក ការប្រឈមមុខជាថ្មីនឹងអ៊ីរ៉ង់ថែមទៀត។ ដូច្នេះការចោទប្រកាន់ថា លីបង់កំពុងប្រកាសសង្រ្គាមជាមួយអារ៉ាប៊ីសាអូឌីត មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ត្បិតប្រហែលជាព្រះអង្គម្ចាស់រាជទាយាទរូបនេះ យល់ថា បើសិនជា អារ៉ាប៊ីសា អូឌីត បរាជ័យនៅស៊ីរី និងអ៊ីរ៉ាក់ ឬក៏យ៉េមែន ទីក្រុងរីយ៉ាដត្រូវស្វែងរកសមរភូមិប្រយុទ្ធថ្មីមួយ ដែលអាចជាលីបង់ ឬក៏អាចស្វះស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក ឬក៏អ៊ីសា្រអែល ក៏ថាបានក្នុងការដណ្ដើមឥទ្ធិពលជាមួយអ៊ីរ៉ង់ ដើម្បីធ្វើជាបងធំនៅក្នុងតំបន់»។
គួរបញ្ជាក់ថា ក្រោយមានសេចក្ដីរាយការណ៍ថា កងកម្លាំងអារ៉ាប៊ីសាអូឌីត បានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ ត្រូវបានគេបាញ់ចេញពីទឹកដីយ៉េមែន ទីក្រុងរីយ៉ាដ បានចង្អុលមុខអ៊ីរ៉ង់ និងលីបង់ថា កំពុងធ្វើសកម្មភាពបង្កសង្រ្គាម និងជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ តាមរយៈការគាំទ្រ ក៏ដូចជាផ្ដល់មីស៊ីលដល់ក្រុមឧទ្ទាមហេសប៊ូលឡា នៅក្នុងប្រទេសយ៉េមែន៕