សង្គ្រាមសម្តីក្បែររបងផ្ទះ! ដូណាល់ ត្រាំ ព្រមានបកទៅ គីម ជុងអ៊ុន៖ «កុំមើលស្រាល និងសាកល្បងអាមេរិកឲ្យសោះ! យើងមិនដែលរារែកក្នុងការប្រើយោធាឡើយ» (Video inside)
08-11-2017 10:58
(សេអ៊ូល)៖ ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកូរ៉េខាងជើងវិញថា កុំមើលស្រាល និងសាកល្បងសហរដ្ឋអាមេរិកឲ្យសោះ ខណៈលោកបានសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹង មិនរារែកឡើយក្នុងការប្រើប្រាស់កម្លាំងយោធាការពារខ្លួន និងសម្ព័ន្ធមិត្ត ពីការគំរាមកំហែងណាមួយពីសំណាក់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូលនៅថ្ងៃពុធនេះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបណ្ដោយឱ្យទីក្រុងអាមេរិកនានា ត្រូវបំផ្លាញ និង គំរាមកំហែងជាដាច់ខាត ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យអំពើសាហាវឃោឃៅ នៅក្នុងប្រវត្តិសាស្ត្រកើតឡើងនៅទីនេះ (ឧបទ្វីបកូរ៉) ម្ដងទៀតដែរ... ម្យ៉ាងវិញទៀតអាវុធដែលអ្នក (កូរ៉េខាងជើង) កំពុងផលិត ឬមាននៅដៃមិនអាចធ្វើឱ្យអ្នកមានសុវត្ថិភាពនោះទេ តែមានតែធ្វើឱ្យរបបដឹកនាំរបស់អ្នក ធ្លាក់ក្នុងរណ្ដៅគ្រោះថ្នាក់តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះដែរ ត្រូវបង្ខំចិត្តលុបចោលដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់តំបន់ព្រំដែនគ្មានកងទ័ព (DMZ) រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដោយសារតែអាកាសធាតុមិនអំណោយផល រីឯទីក្រុងព្យុងយ៉ាងបានថ្កោលទោស ចំពោះដំណើរទស្សនកិច្ចរបស់ លោក ដូណាល់ ត្រាំ មកកាន់កូរ៉េខាងត្បូងដោយចាត់ទុកថា វាគឺជាសកម្មភាពបង្កភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងបញ្ឆេះហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ៕