(សេអ៊ូល)៖ បន្ទាប់ពីស្ងប់ស្ងាត់ជាច្រើនសប្ដាហ៍ នៅទីបំផុតកូរ៉េខាងជើងនៅថ្ងៃពុធនេះ បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់ លោក ដូណាល់ ត្រាំ មកកាន់កូរ៉េខាងត្បូងដោយចាត់ទុកថា វាគឺជាសកម្មភាពបង្កភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងបញ្ឆេះហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមកាសែតរដ្ឋកូរ៉េខាងជើងដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន បានលើកឡើងយ៉ាងដូច្នេះថា «លោក ត្រាំ ហោះមកកាន់កូរ៉េខាងត្បូង ដើម្បីបង្កើនការគំរាមកំហែងយោធាប្រឆាំង នឹងពួកយើង ហើយមានបំណងបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ... ក៏ប៉ុន្តែបញ្ហាធំគឺស្ថិតនៅលើកូរ៉េខាងត្បូង ដែលកំពុងតាមហែរហមពីក្រោយសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កសង្រ្គាមនុយក្លេអ៊ែរនៅក្នុងតំបន់»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានមកដល់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ០២ថ្ងៃ ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចមកកាន់ ប្រទេសក្នុងតំបន់អាស៊ីចំនួន ០៥៕