(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបង្ខំចិត្តលុបចោលដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់តំបន់ព្រំដែន (DMZ) រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដោយសារតែអាកាសធាតុមិនអំណោយផល ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានទៅចាំនៅទីនោះរួចជាស្រេច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជុំវិញការលុបចោលដំណើរទស្សនកិច្ចនេះដែរ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ឧទ្ធម្ភាគចក្ររបស់ លោក ដូណាល់ ត្រាំ បានចាកចេញពីមូលដ្ឋានយោធាអាមេរិក Garrison Yongsan ក្នុងទីក្រុងសេអ៊ូល ប៉ុន្តែត្រូវបង្ខំចិត្តត្រឡប់ក្រោយវិញភ្លាមៗ។ ដោយឡែក បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) ដំណើរទស្សនកិច្ចនេះត្រូវបានលុបចោល ដោយសារចុះអ័ព្ទខ្លាំង ហើយលោកប្រធានាធិបតី ក៏បានសម្ដែងការសោកស្ដាយ និងខកចិត្តផងដែរ។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ដូណាល់ ត្រាំ ត្រូវចូលរួមសន្និសីទសារព័ត៌មានជាមួយសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅឯតំបន់គ្មានយោធា DMZ ខណៈលោក មូន បានទៅដល់តំបន់នេះហើយ។ តែយ៉ាងណាក៏ដោយ មុនដំណើរទស្សនកិច្ចនេះ ក្រុមមន្ត្រីអាមេរិកជាច្រើននាក់ បាននិយាយ លោក ត្រាំ គ្មានគំរោងធ្វើដំណើរទៅកាន់តំបន់ DMZ ឡើយ៕