(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ៍នេះ បានព្រមព្រៀងគ្នាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ទៅកាន់កម្រិតខ្ពស់មួយមិនធ្លាប់មានពីមុនមក រួមទាំងការពង្រីកការដាក់ពង្រាយអាវុធយោធាទំនើបរបស់សហរដ្ឋអាមេរិក ទៅកាន់ និងជុំវិញឧបទ្វីបកូរ៉េផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបនឹងការកើនឡើងនូវការគំរាមកំហែងពីសំណាក់ប្រទេស កូរ៉េខាងជើង ខណៈដែលកូរ៉េខាងត្បូងកំពុង ធ្វើយុទ្ធនាការដើម្បីជម្រុញសមត្ថភាពវិស័យការពារជាតិរបស់ខ្លួន។ «យើងបានព្រមព្រៀងគ្នាភ្លាមៗ ដើម្បីចាប់ផ្តើមធ្វើការប្រឹក្សាស្តីពីការសម្រេចបាន និងការអភិវឌ្ឍន៍អាវុធយោធាទំនើបៗរបស់ប្រទេស កូរ៉េខាងត្បូង» នេះជាការលើកឡើងរបស់ប្រធានាធិបតី ម៉ូន ជេអ៊ីន ថ្លែងក្នុងសន្និសិទរួមជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ។
ដោយឡែកលោកត្រាំវិញ បានថ្លែងថា ប្រទេសកូរ៉េខាងត្បូង បានបញ្ជាទិញ ឬនឹងទិញអាវុធពីសហរដ្ឋអាមេរិកក្នុងតម្លៃរាប់ពាន់លានដុល្លារ៕