(សេអ៊ូល)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះ​បាននិយាយថា លោកនឹងបន្ត​ជំរុញឲ្យ​កូរ៉េខាងត្បូង ព្រមទាំងប្រ​ជាជាតិ​ដទៃៗទៀត​លើ​សកលលោក ចូលរួមដាក់សម្ពាធទៅ​លើ​កូរ៉េខាងជើង ដើម្បីឲ្យប្រទេស​មួយនេះ បោះបង់ចោល​អាវុធកម្មវីធី​នុយក្លេអ៊ែរ​របស់ខ្លួន ដោយលើកឡើង​ថា វត្តមានរបស់កូរ៉េខាងជើង គឺពុំអាចទទួលយកបាន​ដាច់ខាត។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន USA Today នៅល្ងាច​ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ ក្រោយបានចូល​រួមប្រជុំជាមួយ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅឯវិមាន Blue House លោក ដូណាល់ ត្រាំ បាននិយាយថា «កូរ៉េខាងជើង គឺជាការគំរាមកំហែង​របស់ពិភពលោក ដែលទាមទារឲ្យ​មានចំណាត់​ការរួមពីអន្តរជាតិ»

ជាមួយគ្នានេះ លោក​ប្រធានាធិបតី​អាមេរិក ក៏បានគូស​បញ្ជាក់ដែរថា រូបលោកមិន​រារែកក្នុងការធ្វើ​សកម្មភាពយោធា ប្រឆាំងនឹង​កូរ៉េខាងជើង​នោះឡើយ ប្រសិនបើវា​ជាការចាំបាច់​ពុំអាចជៀស​ផុតបាន ក៏ប៉ុន្តែលោក ត្រាំ បានប្រាប់ថា លោកមិនចង់​ប្រើប្រាស់​​កម្លាំងបាយ ដាក់របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាងទេ ហើយសង្ឃឹមថា វិបត្តិនៅ​ឧបទ្វីបកូរ៉េនេះ នឹងអាចត្រូវដោះ​ស្រាយបាន​ដោយសន្តិ​វិធី។

នាឱកាសនោះ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានថ្លែងថា ខណៈនេះជា​ពេលសម្រាប់ផ្តោត​ការយក​ចិត្តទុកដាក់​សំខាន់ទៅលើ​ការទណ្ឌកម្ម ព្រមទាំងសម្ពាធប្រឆាំងនឹង​កូរ៉េខាងជើង។ លោក មូន បានបន្តថា រូបលោក​និងលោក ត្រាំ បានគូស​​​បញ្ជាក់​ជំហររវាងគ្នា និងគ្នាថា នឹងធ្វើយ៉ាងណា​បញ្ចប់បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ ដោយសន្តិវិធី។ ​

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានធ្វើដំណើរ​មកដល់ប្រទេស​កូរ៉េខាងត្បូង នាថ្ងៃអង្គារនេះ ខណៈក្រុមបាតុករ​កូរ៉េខាងត្បូង​រាប់​រយនាក់​បានប្រមូលផ្ដុំគ្នា​ នៅកណ្ដាល​ទីក្រុង​សេអ៊ូល​ ដើម្បីសម្ដែង​ការប្រឆាំង​ជំទាស់​របស់ពួកគេ ទៅនឹងការបំពេញ​ទស្សន​កិច្ចផ្លូវ​រដ្ឋ រយៈពេល ០២ថ្ងៃ របស់​ប្រធានាធិបតី​​អាមេរិករូបនេះ៕