(បរទេស)៖ ប្រទេសភាគច្រើនមានរដូវក្តៅ និងរដូវត្រជាក់ ក៏ប៉ុន្តែប្រទេសខ្លះទៀត ហាក់បីដូចជាពុំមានរដូវផ្សេងទៀត ក្រៅតែពីរដូវក្តៅនោះឡើយ។ នៅលើពិភពលោកយើងនេះ មានប្រទេសខ្លះ ដែលមានសីតុណ្ហភាពខ្ពស់រហូត ស្ទើរតែពេញមួយឆ្នាំៗតែម្តង ដោយប្រទេសទាំងនេះត្រូវគេចាត់ទុកថា ជាប្រទេស ដែលមានអាកាសធាតុក្តៅជាងគេបង្អស់។
ខាងក្រោមនេះ គឺជាប្រទេសដ៏ក្តៅបំផុតចំនួន ១០ ដែលត្រូវបានវិនិច្ឆ័យដោយសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យម និងកំណត់ត្រាសីតុណ្ហភាពដែលខ្ពស់បំផុត៖
១០. ម៉ិចស៊ីកូ៖ ស៊ីតុណ្ហភាពនៅថ្ងៃក្តៅបំផុតនារដូវក្តៅ ក្នុងប្រទេសនេះ អាចកើនដល់ ៥០អង្សាសេ ហើយភ្ញៀវទេសចរមកពីស្រុកត្រជាក់ តែងតែនាំគ្នាមកប្រមូលផ្តុំ នៅម៉ិចស៊ីកូ ដើម្បីទទួលចំហាយក្តៅនៃរដូវក្តៅនៅទីនេះ។
០៩. សូម៉ាលី៖ ស្ថិតលើចំណុចស្នែងនៃទ្វីបអាហ្រ្វិក ឬតំបន់ Horn of Africa ដែលនៅភាគឦសានទ្វីបនេះ សូម៉ាលី ក្សត់ភ្លៀងខ្លាំងមែនទែន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយសីតុណ្ហភាពជាមធ្យម ក្នុងប្រទេសនេះអាចឡើងដល់ប្រមាណ ៥០អង្សាសេ។ ជារឿយៗ សូម៉ាលី តែងជួបប្រទះគ្រោះទុរ្ភិក្ស និងរាំងស្ងួតដោយកង្វះប្រព័ន្ធធារាសាស្រ្ត។
០៨. ឥណ្ឌា៖ ជួរភ្នំទឹកកកហិម៉ាល័យ នៅតំបន់ភាគខាងជើង និងឦសានឥណ្ឌា ពុំអាចរារាំងសម្ពាធខ្យល់ក្តៅ មកពីមហាសមុទ្រឥណ្ឌា មិនឲ្យបន្ថែមកម្តៅលើសីតុណ្ហភាពជាមធ្យម នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះបានឡើយ។ នារដូវក្តៅ សីតុណ្ហភាពជាមធ្យម គឺ ៥០អង្សាសេ នៅតាមតំបន់ភាគកណ្តាលភាគខាងលិច និងភាគខាងត្បូងមួយចំនួននៃប្រទេស។
០៧. ស៊ូដង់៖ ជាមួយនិងកម្រិតសីតុណ្ហភាពជាមធ្យម៥២អង្សាសេ ស៊ូដង់ ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលក្តៅនិងមានអាកាសធាតុស្ងួតហួតហែង ជាងគេបង្អស់ នៅក្នុងពិភពលោក។ ប្រទេសអាហ្រ្វិកនេះ ក៏ប្រឈមនឹងគ្រោះទុរ្ភិក្សព្រមទាំងគ្រោះរាំងស្ងួតធ្ងន់ធ្ងរផងដែរ។
០៦. អូម៉ង់៖ អូម៉ង់ ដែលជារដ្ឋអារ៉ាប់ដ៏មានជាងគេបំផុតមួយ ប្រចាំសាកលលោកនោះ ក៏ជាប្រទេសដ៏ក្តៅបំផុតមួយផងដែរ។ សម្រាប់រយៈពេលស្ទើរតែពី ០៥ទៅ០៦ខែ ក្នុងមួយឆ្នាំៗ សីតុណ្ហភាពក្នុងប្រទេសនេះ ស្ថិតនៅកម្រិតប្រមាណ ៥០ទៅ ៥៣អង្សាសេ។ ដោយសារតែជាប្រទេសអ្នកមាន ប្រជាពលរដ្ឋអូម៉ង់ ទទួលបានមធ្យោបាយ និងសម្ភារៈជាច្រើន ដើម្បីទប់ទល់នឹងបញ្ហានេះ។
០៥. អ៊ីរ៉ង់៖ ប្រទេសនេះមានអាកាសធាតុ ដែលត្រជាក់ខ្លាំងនៅរដូវរងា និងក្តៅខ្លាំងនារដូវក្តៅ។ ស្ថិតនៅតំបន់មជ្ឈិមបូព៌ា តំបន់ភាគខាងជើងអ៊ីរ៉ង់ ដែលហ៊ុមព័ទ្ធដោយជួរភ្នំនោះ ជាទូទៅមានអាកាសធាតុត្រជាក់ ដោយសីតុណ្ហភាពនៅតំបន់នោះ មិនលើសពី២៩អង្សាសេឡើយ ទោះបីជានៅរដូវក្តៅក៏ដោយ។ យ៉ាងណាមិញ សម្រាប់តំបន់ភាគខាងត្បូងនៃប្រទេសវិញ គឺមានអាកាសធាតុក្តៅខ្លាំងមែនទែន ដោយនៅទីនោះ សីតុណ្ហភាពអាចហក់ឡើងដល់ ៥០អង្សាសេ ហើយសីតុណ្ហភាពធម្មតា នារដូវក្តៅគឺចន្លោះពី ៤០ ទៅ៤៥អង្សាសេ។
០៤. អាល់ហ្សេរី៖ ដូចដែលយើងបានកត់សម្គាល់ ប្រទេសក្តៅ គឺត្រូវនឹងប្រទេសនៅតំបន់អាហ្រ្វិកតែម្តង។ ដោយសារតែសម្បូរទៅដោយវាលខ្សាច់ សីតុណ្ហភាពនៅប្រទេសអាហ្វ្រិកខាងជើងនេះ អាចក្តៅរហូតពេញមួយឆ្នាំៗ។ សីតុណ្ហភាពមធ្យមគឺចន្លោះពី ៥០ទៅ ៥៣អង្សាសេ ដោយសីតុណ្ហភាពក្តៅបំផុតត្រូវបានកត់ត្រា គឺនៅតំបន់ Salah។ ខណៈតំបន់ភាគកណ្តាលនៃប្រទេសនេះ មានសភាពក្តៅស្ងួតខ្លាំង នៅតាមតំបន់ឆ្នេរវិញ គឺអាចទទួលបានភ្លៀងធ្លាក់ខ្លះ។
០៣. អ៊ីរ៉ាក់៖ បញ្ហានៅក្នុងប្រទេសនេះ គឺមិនមែនមានតែរឿងសង្រ្គាមមួយមុខនោះឡើយ។ អំឡុងរដូវក្តៅ ប្រទេសមជ្ឈិមបូព៌ានេះ មានសីតុណ្ហភាពដែលលើសពី ៤៨អង្សាសេ ហើយកើនរហូតដល់ ៥៤អង្សាសេ។
០២៖ អារ៉ាប៊ីសាអូឌីត៖ ដោយសារតែជាប្រទេសអ្នកមាន ស្តេចអារ៉ាប៊ីសាអូឌីត បានផ្តល់បរិក្ខាចាំបាច់គ្រប់ប្រភេទ ដល់ពលរដ្ឋរបស់ខ្លួន ដើម្បីទប់ទល់នឹងកម្តៅអាកាសធាតុនៅក្នុងប្រទេសនេះ ដែលសីតុណ្ហភាពជាមធ្យម នារដូវក្តៅ អាចឡើងដល់ ៥៤អង្សាសេ។
០១៖ លីប៊ី៖ ជាប្រទេសដែលមានសីតុណ្ហភាពក្តៅបំផុត នៅលើពិភពលោក។ សីតុណ្ហភាពដ៏ខ្ពស់បំផុតនៅលើពិភពលោក ត្រូវបានគេធ្វើកំណត់ត្រាថា ស្ថិតក្នុងប្រទេសលីប៊ី ដោយនៅឆ្នាំ១៩២២ សីតុណ្ហភាពកាលនោះគឺដល់ទៅ ៥៧.៨អង្សាសេ ឯណោះ៕