(សេអ៊ូល)៖ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្ដុំគ្នា នៅកណ្ដាលទីក្រុងសេអ៊ូល ដើម្បីសម្ដែងការប្រឆាំងជំទាស់របស់ពួកគេ ទៅនឹងការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០២ថ្ងៃ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់កូរ៉េខាងត្បូង។ នេះបើតាមយ៉ុនហាប់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានឱ្យដឹងទៀតថា ក្រុមបាតុករមានគ្នារាប់រយនាក់ មកពីក្រុមសកម្មជនសេរី ដែលហៅខ្លួនឯងថា «Collective Action for No Trump» បានប្រមូលផ្ដុំគ្នា នៅឯទីលាន Gwanghwamun ដើម្បីថ្កោលទោសដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ។ ក្រុមបាតុករទាំងនេះ បានចោទប្រកាន់ លោក ត្រាំ ថាជាអ្នកបង្កឱ្យមានភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ តាមរយៈការធ្វើសង្រ្គាមពាក្យសម្ដីជាមួយកូរ៉ខាងជើង និងបង្ខំឱ្យកូរ៉េខាងត្បូងទិញអាវុធពីសហរដ្ឋអាមេរិក ក៏ដូចជា ចង់សើរើឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរផងដែរ។ បើតាមការគ្រោងទុក ក្រុមបាតុករទាំងនេះនឹងប្រមូលផ្ដុំគ្នាជាថ្មីតវ៉ាដោយអុជទៀន នៅម៉ោង ៧៖០០នាទីយប់ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។
គួរបញ្ជាក់ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ នឹងបន្តដំណើរទៅកាន់ប្រទេសចិន និងវៀតណាម ជាទីដែលលោកនឹងត្រូវចូលរួម វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅហ្វីលីពីន ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា៕