(វ៉ាស៊ីនតោន)៖ ស្រ្តីម្នាក់ដែលបានលើកម្រាមដៃកណ្ដាល ដាក់ក្បួនរថយន្ដរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា ត្រូវបានចៅហ្វាយនាយបណ្ដេញចេញពីការងារ បន្ទាប់ពីរូបនាងបង្ហោះរូបថតដ៏អសីលធម៌នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ស្ត្រីខាងលើមានឈ្មោះ Juli Briskman ត្រូវបានក្រុមហ៊ុន Akima LLC បណ្ដេញចេញពីការងារ ក្រោយរូបនាងបង្ហោះរូបថតលើកម្រាមដៃ កណ្ដាល (ជាសញ្ញាដែលគេនិយមហៅថា សញ្ញាឲ្យលិង្គ) ដាក់ក្បួនរថយន្ត លោក ត្រាំ នៅលើគណនី Twitter និង Facebook របស់ខ្លួន។ រូបថតមួយសន្លឹកនេះដែលធ្វើឱ្យនាង Juli Briskman បាត់បង់ការងារ ត្រូវបានថតកាលពីថ្ងៃ ទី២៨ ខែតុលា ក្នុងរដ្ឋ Virginia។
ស្ត្រីរូបនេះដដែលបានប្រាប់សារព័ត៌មាន Huffington Post ថា នាយកប្រតិបត្តិរបស់នាងបានប្រាប់រូបនាងថា ខាងក្រុមហ៊ុនបានចាត់ទុករូបថតនោះ គឺជារូបអាសអាភាស និងរំលោភលើគោលការណ៍បណ្ដាញទំនាក់ទំនងសង្គម របស់ក្រុមហ៊ុន។ ប៉ុន្តែយ៉ាងណាក៏ដោយ នាង Juli Briskman បានអះអាងថា រូបថតដែលរូបនាងបានបង្ហោះ គឺនៅក្រៅម៉ោងធ្វើការតែប៉ុណ្ណោះ ហើយក៏បានបញ្ជាក់ពីឈ្មោះប្រធានក្រុមហ៊ុនរបស់នាង នៅលើបណ្ដាញទំនាក់ទំនងសង្គមថែមទៀតផង៕