(ឡាហាវ៉ាន់)៖ គុយបាទទួលបានភ្ញៀវទេសចរអន្តរជាតិ ០៤លាននាក់ គិតត្រឹមដើមខែវិច្ឆិកា ក្នុងឆ្នាំ២០១៧នេះ បើធៀបទៅនឹងពេលដំណាច់ឆ្នាំ២០១៦ ដែលសម្រេចបានក្នុងចំនួនដូចគ្នានេះ ហើយសម្រាប់ដំណាច់ឆ្នាំ២០១៧នេះតែម្តង ប្រទេសដីកោះទើបរួចផុតពីទណ្ឌកម្មអាមេរិកមួយនេះ រំពឹងនឹងសម្រេចបាន ៤.៧លាននាក់។ នេះបើតាមក្រសួងទេសចរណ៍គុយបា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមក្រសួងទេសចរណ៍គុយបា ការសម្រេចបានលទ្ធផលខ្ពស់បែបនេះ នៅដើមរដូវកាលទេសចរណ៍ក្នុងខែវិច្ឆិកានេះបង្ហាញថា ភ្ញៀបទេសចរនៅតែបន្តជ្រើសរើសគុយបា ជាគោលដៅទេសចរណ៍របស់ពួកគេ។ ក្រសួងទេសចរណ៍គុយបា បានសង្កត់ធ្ងន់ទៀតថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា គុយបា បានបើករដូវកាលទេសចរណ៍ ក្នុងនោះមានគោលដៅទេសចរណ៍សំខាន់ៗដូចជា ភាគខាងជើងនៃតំបន់ Santa Maria តំបន់ Guillermo និងតំបន់ Coco ជាដើម។ ក៏ប៉ុន្តែ បើតាមការគ្រោងទុក ទីក្រុងឡាហាវ៉ាន មានគោលដៅទាក់ ទាញភ្ញៀវទេសចរណ៍ ៤.៧លាននាក់ពីបរទេស ក្នុងឆ្នាំ២០១៧ និង ០៥លាននាក់ នៅឆ្នាំ២០១៨។
គួរបញ្ជាក់ថា វិស័យទេសចរណ៍របស់គុយបា គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់ទី ២ ពីបរទេស ហើយកាលពីឆ្នាំ២០១៦ គុយបា ក៏ធ្លាប់ទទួលបានភ្ញៀវទេសចរ ០៤លាននាក់ ខណៈភ្ញៀវទេសចរកាណាដា គឺមកទស្សនាគុយបាច្រើនជាងគេ ឬស្មើនឹង ៣៤ភាគរយ នៃភៀវទេសចរអន្តរជាតិសរុប៕