(ហាណូយ)៖ ព្យុះទីហ្វុងដ៏កំណាចមួយមានឈ្មោះថា ដំរីបានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម និងផ្តាច់យកជីវិតមនុស្សមកទល់នឹងពេលនេះ កើនឡើងដល់ ៦១នាក់ ហើយ ខណៈមនុស្ស ២៨នាក់ទៀត ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាជ្ញាធរវៀតណាមបានឲ្យដឹងទៀតថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់ នៅក្នុងខេត្តភាគកណ្តាលទាំងបួនខាងលើនេះ នាវាដឹកទំនិញតូច-ធំ និងទូកនេសាទប្រមាណ ២៣០គ្រឿង ក៏ត្រូវបានព្យុះដំរីមួយនេះ បោកពន្លិចទៅក្នុងសមុទ្រដោយរលកធំៗ និងខ្យល់បោកបក់ខ្លាំងក្លាផងដែរ។ ចំណែកឯ ខេត្ត Khanh Hoa គឺជាខេត្តរងគ្រោះធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាងគេ។ មិនតែប៉ុណ្ណោះព្យុះកំណាចមួយនេះ ក៏បានបំផ្លាញផលដំណាំ ៣០,០០០ហិកតា ផ្ទះ ២,០០០ខ្នងបានដួលរលំទាំងស្រុង, ៨០,០០០ខ្នង ទៀតរបើកដំបូល ឬរងការបំផ្លាញ ហើយប្រជាជន ៣៣,០០០នាក់ ត្រូវបានជម្លៀស។
គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើងយ៉ាងទាន់ហន់ នៅអំឡុងពេលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍នេះ ហើយក៏មុនដំណើរមកដល់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ សម្រាប់តំបន់ដែលកំពុងទទួលរងគ្រោះធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគកណ្តាលប្រទេស៕