(តិចសាស់)៖ ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ បានកើតឡើងនៅវិហារគ្រឹស្តសាសនា ក្នុងរដ្ឋតិចសាស់ ទឹកដីនៃមហាអំណាចអាមេរិក នាថ្ងៃអាទិត្យ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ បណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និង២០នាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ជរាផងដែរ។ ខ្មាន់កាំភ្លើងបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបាញ់តទល់ជាមួយប្រជាពលរដ្ឋស៊ីវិលពីរនាក់ ដែលបច្ចុប្បន្នអ្នកទាំងពីរត្រូវបានមនុស្សចាត់ទុកជាវីរៈបុរសរបស់ប្រជាពលរដ្ឋអាមេរិក។
ខាងក្រោមនេះជាព័ត៌មានលម្អិត ជុំវិញហេតុការណ៍បាញ់ប្រហារដ៏អាក្រក់ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃរដ្ឋតិចសាស់៖
*ពេលវេលា និងទីកន្លែងកើតហេតុ៖
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិហារគ្រឹស្ដសាសនា First Baptist ក្នុងសហគមន៍ Sutherland Springs នៃតំបន់ Wilson រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ខណៈដែលមនុស្សកំពុងប្រមូលផ្តុំគ្នាដើម្បីអធិដ្ឋានក្នុងព្រះវិហារ។ កន្លែងកើតហេតុមានចម្ងាយប្រមាណ ៣០ម៉ាយល៍ពីទីក្រុង San Antonio ។
*ហេតុការណ៍៖
នៅវេលាម៉ោង១១៖២០នាទី ជនសង្ស័យបានធ្វើដំណើរចេញពីរថយន្តដែលចតក្បែរព្រះវិហារ ដើរសំដៅកន្លែងកើតហេតុ ហើយចាប់ផ្តើមបាញ់រះទៅលើ មនុស្សក្នុងព្រះវិហារតែម្តង។ បន្ទាប់មកជនសង្ស័យបានរត់ចេញពីព្រះវិហារ ហើយបាញ់តទល់ជាមួយបុរសម្នាក់ដែលជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ បង្កឱ្យជនសង្ស័យជម្លៀសខ្លួនចេញដោយបើករថយន្តរបស់ខ្លួនទាំងមានរបួស។
បុរសពីរនាក់បានបើករថយន្តប្រដេញតាមជនសង្ស័យ រហូតដល់តំបន់Guadalupe ដែលនៅក្បែរនោះ ជាទីតាំងដែលរថយន្តខ្មាន់កាំភ្លើង ជួបហេតុការណ៍គ្រោះថ្នាក់។ គេបានរកឃើញថា ខ្មាន់កាំភ្លើងរូបនេះបានស្លាប់បាត់បង់ជីវិតក្នុងរថយន្តតែម្តង។
ប្រភពព័ត៌មានបានឱ្យដឹងថា សមាជិកគ្រួសារសាច់ថ្លៃរបស់ខ្មាន់កាំភ្លើងក៏ធ្លាប់ចូលរួមក្នុងព្រះវិហារនេះផងដែរ ប៉ុន្តែពួកគេមិនមានវត្ថមានក្នុងថ្ងៃកើតហេតុឡើយ។
*ជនរងគ្រោះ៖
ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និង២០នាក់រងរបួស។ ជនរងគ្រោះមានវ័យចន្លោះចាប់ពី៥ឆ្នាំ ដល់៧២ឆ្នាំ មានទាំងកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ ព្រមទាំងកូនស្រីរបស់គ្រូគង្វាលដែលមានវ័យ១៤ឆ្នាំផងដែរ ខណៈនាងកំពុងដើរនៅតាមផ្លូវជាមួយម្តាយរបស់នាង។
ក្នុងចំណោមអ្នកស្លាប់ទាំង២៦នាក់ មានមនុស្ស២៣នាក់ស្លាប់នៅក្នុងព្រះវិហារ ២នាក់ស្លាប់នៅខាងក្រៅ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ក្នុងនោះផងដែរ មានមនុស្ស៨នាក់ជាសមាជិកគ្រួសារតែមួយ។ ស្ត្រីម្នាក់មានផ្ទៃពោះប្រមាណ៥ខែ រួមជាមួយកូនបីនាក់ និងបងប្រុសថ្លៃម្នាក់ ព្រមទាំងកូនតូចម្នាក់បានស្លាប់ ក្នុងហេតុការណ៍នេះ។ ចំណែកមនុស្សបីនាក់ផ្សេងទៀតមកពីសមាជិកគ្រួសារតែមួយផងដែរ បានរងរបួសទាំងអស់ នេះបើយោងតាមការលើកឡើង របស់ថ្នាក់ដឹកនាំសហគមន៍។ សូមជម្រាបថា សហគមន៍ Sutherland Springs នេះមានមនុស្សរស់នៅត្រឹមតែ៤០០នាក់ប៉ុណ្ណោះ។
* ជនសង្ស័យ៖
នាយកដ្ឋានរក្សាសុវត្ថិភាពសាធារណៈតិចសាស់ បានកកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង ដោយមានឈ្មោះថា Davin Patrick Kelley អាយុ២៦ឆ្នាំ ជាបុរសស្បែកជនជាតិសរ រស់នៅក្នុងទីក្រុង New Braunfels ក្នុងរដ្ឋតិចសាស់តែម្តង។ ក្នុងពេលកើតហេតុ ខ្មាន់កាំភ្លើងស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ជាមួយនឹងអាវក្រោះ និងកាំភ្លើងវែងដែលមានទ្រង់ទ្រាយជាកាំភ្លើងយោធានៅក្នុងដៃ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខ្មាន់កាំភ្លើងរូបនេះ ធ្លាប់បម្រើការងារក្នុងកងទ័ពអាកាស ដែលមានមូលដ្ឋាននៅរដ្ឋ New Mexico ប៉ុន្តែលោកធ្លាប់ត្រូវបានគេកាត់ទោសម្តងក្នុងឆ្នាំ២០១២ ពីបទរំលោភបំពានប្រពន្ធ និងកូន។ យោងតាមលោក Ann Stefanek ប្រធានផ្នែកប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពអាកាសបានឱ្យដឹងថា បុរសរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធធនាគាររយៈពេល១២ខែ ហើយបានទទួលការចោទប្រកាន់ ថាបានប្រព្រឹត្តអំពើអាក្រក់ម្តងទៀតក្នុងឆ្នាំ២០១៤ និងត្រូវបានគេទម្លាក់ដំណែង។
កាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ លោកKelley ធ្លាប់បានទិញកាំភ្លើងវែងប្រភេទ Ruger AR-556សម្រាប់ប្រើប្រាស់ម្តងដែរ។ រហូតមកទល់ពេលនេះ អាជ្ញាធរមិនទាន់អាចរកឃើញអ្វីជាមូលហេតុដែលជម្រុញឱ្យខ្មាន់កាំភ្លើងសម្លាប់មនុស្សបែបនេះឡើយ។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលើកឡើងថា ជនសង្ស័យនេះមានបញ្ហាសុខភាពផ្លូវចិត្តកម្រិតខ្ពស់។
* វីរៈបុរសសម្លាប់ខ្មាន់កាំភ្លើង៖
ប្រជាពលរដ្ឋស៊ីវិលរស់ក្នុងតំបន់ពីរនាក់ ត្រូវបានមនុស្សចាត់ទុកជាវីរៈបុរស បន្ទាប់ពីពួកគេរួមគ្នាដើម្បីទប់ទល់ជាមួយខ្មាន់កាំភ្លើង។ បុរសទាំងពីរ មានឈ្មោះថា លោក Stephen Willeford និងលោក Johnnie Langendorff ។
លោក Stephen Willeford បានបាញ់តទល់ខ្មាន់កាំភ្លើង ខណៈដែលចេញពីព្រះវិហារ។ បើទោះបីជាលោកត្រឹមជាប្រជាពលរដ្ឋសាមញ្ញ និងគ្មានជំនាញយោធា តែលោកអាចបាញ់ប្រហារបានយ៉ាងល្អ។ បន្ទាប់ពីខ្មាន់កាំភ្លើងទម្លាក់អាវុធ និងរត់គេចខ្លួន លោក Willford ដែលមានវ័យ៥៥ឆ្នាំរូបនេះ បានហៅលោក Johnnie Langendorff ដែលនៅក្បែរនោះ ដើម្បីជួយដល់លោក។ អ្នកទាំងពីរបានឡើងជិះរថយន្តដើម្បីប្រដេញតាមរថយន្តខ្មាន់កាំភ្លើងប្រភេទ 95mph (ល្បឿន៩៥ម៉ាយក្នុងមួយម៉ោង) រហូតខ្មាន់កាំភ្លើងជួបគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់ក្នុងរថយន្តតែម្តង។
* ប្រតិកម្ម និងវិធានការណ៍៖
ក្នុងរយៈពេលជាច្រើនម៉ោង បន្ទាប់ពីការបាញ់ប្រហារ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ Sutherland Springs បានអោបគ្នា កាន់ទៀន និងច្រៀងចម្រៀងថ្វាយព្រះ ព្រមទាំងអធិដ្ឋាន ឧទ្ទិសដល់ជនរងគ្រោះរហូតដល់ពេលរាត្រី។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ នៅរដ្ឋតិចសាស់នេះថា ជាព្រឹត្តិការណ៍ដ៏សោកសៅមួយ។ លោកក៏បានបញ្ជាឱ្យរាល់ទង់ជាតិអាមេរិកទាំងអស់ទូទាំងពិភពលោក ត្រូវបង្ហូតត្រឹមពាក់កណ្តាលរហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីជាការចូលរួមរំលែកទុក្ខសាច់ញាតិជនរងគ្រោះ។
នៅពេលសួរថាតើលោកមានគោលនយោបាយអ្វីខ្លះ ដើម្បីបង្កាហេតុការណ៍បាញ់ប្រហារកុំឱ្យកើតជាថ្មី លោកបានឆ្លើយថាផ្អែកតាមរបាយការណ៍បឋម ខ្មាន់កាំភ្លើងជាមនុស្សម្នាក់ដែលមានបញ្ហាផ្លូវចិត្ត ហេតុនេះការបាញ់ប្រហារកាលពីថ្ងៃអាទិត្យកន្លងទៅនេះ មិនពាក់ព័ន្ធនឹងច្បាប់នៃការប្រើប្រាស់កាំភ្លើងអ្វីនោះទេ ដែលមានន័យថាវាពិបាកក្នុងការរារាំងហេតុការណ៍អាក្រក់ ដែលបង្កឡើងដោយមនុស្សមានបញ្ហាផ្លូវចិត្តបែបនេះណាស់៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា