(តូក្យូ)៖ ជប៉ុនបានប្រកាសថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរបបដឹកនាំកូរ៉េខាងជើង ជាការឆ្លើយតបចំពោះការគំរាមកំហែងឥតឈប់ឈរ ដែលបង្កឡើងដោយកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ខណៈលោក ដូណាល់ ត្រាំ ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅក្នុងប្រទេសនេះ ហើយទៅកូរ៉េខាងត្បូងមុននេះបន្តិចប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពី Reuters នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមលោក យូស្ស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ទណ្ឌកម្មខាងលើ ដែលត្រូវបានលើកឡើងដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ជប៉ុននឹងធ្វើការបង្កករាល់ទ្រព្យសម្បត្តិរបស់អង្គភាពចំនួន ០៩ ព្រមទាំងបុគ្គល ២៦រូប។ អង្គភាពទាំងនេះរួមមាន ធនាគារកូរ៉េខាងជើង ដោយមួយចំនួនស្ថិតនៅឯប្រទេសចិន ខណៈបុគ្គលទាំង ២៦រូប ស្ថិតនៅតាមប្រជាជាតិខុសៗគ្នា រួមមានចិន រុស្ស៊ី និងលីប៊ីជាដើម។
លោក Suga បានលើកឡើងថា ចំណាត់ការនេះត្រូវបានធ្វើឡើង ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរវាងប្រទេសទាំង២ ក្នុងការឈរប្រកៀកស្មាគ្នា និងដើម្បីបង្កើនសម្ពាធលើទីក្រុងព្យុងយ៉ាង។
គួរជម្រាបផងដែរថា ស្របពេលដែលលោក ដូណាល់ ត្រាំ កំពុងស្ថិតនៅប្រទេសជប៉ុន នាម្សិលមិញ មុននឹងបន្តចាកចេញទៅបំពេញទស្សនកិច្ចបន្តនៅកូរ៉េខាងត្បូង រដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏បានប្រកាសអំពីការដាក់ទណ្ឌកម្មជាឯតោភាគី ទៅលើជនជាតិកូរ៉េខាងជើងចំនួន ១៨នាក់ ផងដែរ ដោយហាមឃាត់ពួកគេក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ជាមួយប្រជាជនកូរ៉េខាងត្បូង៕