(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសកូរ៉េខាងត្បូងហើយ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយផ្សេងទៀតនៅអាស៊ីខាងកើត ខណៈកំពុងមានបញ្ហាប្រឈមដ៏លំបាកលំបិនជាមួយកូរ៉េខាងជើង។ សម្រាប់ពិធីដ៏ធំដើម្បីទទួលស្វាគមន៍ លោក ត្រាំ និងភរិយា នឹងប្រារព្ធឡើង នៅល្ងាចថ្ងៃអង្គារនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានហោះចាកចេញពីប្រទេសជប៉ុន បន្ទាប់ពីបានផ្តល់ការធានាអះអាងដល់ទីក្រុងតូក្យូ អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទិននឹងបញ្ហាកូរ៉េខាងជើង ហើយនាឱកាសនោះលោក ត្រាំ បានប្រកាសថា មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះពិភពលោកព្រមទាំងសុខសន្តិភាព និងស្ថិរភាពអន្តរជាតិ។
នៅពេលមកដល់កូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ ជាដំបូងនឹងឈប់នៅឯបន្ទាយ Camp Hymphreys ជាទីដែលកងទ័ពអាមេរិកឈរជើងនៅក្នុងប្រទេសនេះ បានផ្លាស់ប្តូរទីស្នាក់ការរបស់ពួកគេមកពីរដ្ឋធានីសេអ៊ូល។ បន្ទាប់មកទៀត លោកប្រធានាធិបតីអាមេរិក នឹងជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅឯវិមាន Blue House ឬ Cheong Wa Dae ហើយនឹងទទួលទានអាហារពេលល្ងាច ដោយមានការប្រគុំតន្រ្តី ពីសំណាក់អ្នកចម្រៀងប្រពៃណីកូរ៉េ ព្រមទាំងតារា K-Pop ផងដែរ។
នាថ្ងៃពុធស្អែក លោក ត្រាំ នឹងបន្តជួបជាមួយសមាជិកសភាកូរ៉េខាងត្បូង ក៏ប៉ុន្តែលោកនឹងមិនមានការធ្វើទស្សនកិច្ច ទៅកាន់តំបន់គ្មានយោធានៃព្រំដែនអន្តរកូរ៉េ ដែលខណ្ឌចែកឧបទ្វីបកូរ៉េជាពីរនោះឡើយ។
គួរបញ្ជាក់ថា នាពេលកន្លងមកនេះ ស្របពេលដែលភាពតានតឹង ជុំវិញកម្មវិធីអាវុធប្រល័យលោកកូរ៉េខាងជើង បានកើនឡើងកម្តៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើសង្រ្គាមពាក្យសម្តីទៅវិញទៅមកជាមួយ ប្រមុខដឹកនាំកំពូលផុតលេខរបស់ទីក្រុងព្យុងយ៉ាងគឺលោក គីម ជុងអ៊ុន ជាច្រើនលើកច្រើនសា ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង៕
http://www.trbimg.com/img-589e5768/turbine/ct-trump-japan-prime-minister-visit-20170210