(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការគាំទ្រ​ដល់ប្រតិបត្តិការ​បោសសំអាត អំពើពុករលួយដឹកនាំ​ដោយរាជទាយាទ​អារ៉ាប៊ីសាអូឌីត គឺព្រះអង្គ​ម្ចាស់ Mohammad bin Salman ប្រឆាំងនឹង​ព្រះអង្គម្ចាស់ យោធា និងអ្នកជំនួញ​មានឥទ្ធិពលមួយ​ចំនួននៅក្នុង​ប្រទេស។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាលពីចុង​សប្ដាហ៍​កន្លងទៅ ព្រះអង្គម្ចាស់ ១១អង្គ រដ្ឋមន្ត្រី ០៤រូប និងអ្នកជំនួញ​ដ៏មានឥទ្ធិពល​មួយចំនួន ដូចជា​ព្រះអង្គម្ចាស់ Alwaleed bin Talal (ជាមហាសេដ្ឋី) ត្រូវបានប៉ូលិស អារ៉ាប៊ីសាអូឌី​​ចាប់ឃុំខ្លួន​បណ្ដោះអាសន្ន​ ក្រោមក្របខណ្ឌ​នៃការស៊ើបអង្កេត​ពាក់ព័ន្ធនឹង​អំពើ​ពុករលួយ និងលាង​លុយកង្វក់។ ដោយឡែក ជុំវិញប្រតិបត្តិការ​នេះដែរ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែង​ការគាំទ្រដល់​ការស៊ើបអង្កេត​ដឹកនាំ​ដោយ ព្រះអង្គម្ចាស់ Mohammad bin Salman។

លោក ត្រាំ បានសរសេរ​នៅលើ Twitter ដូច្នេះថា «ខ្ញុំទុកចិត្ត​លើ​ស្ដេច Salman និងព្រះរាជទាយាទ​អារ៉ាប៊ីសាអូឌីត... ពួកគេដឹង​យ៉ាងច្បាស់​ពីអ្វី​ដែលពួកគេ​កំពុងធ្វើ ខណៈមនុស្ស​ចំនួន​ ដែលពួកគេកំពុង​បោស​សំអាត បានទាញ​យកប្រយោជន៍​ពីប្រទេសពួកគេ​ អស់រយៈពេល​ជាច្រើនឆ្នាំ​មកហើយ»

គួរបញ្ជាក់ថា ធនាគារ​អារ៉ាប៊ីសាអូឌីត​ជាច្រើន​បានចាប់ផ្ដើម​បង្កក ហើយកាលពីថ្ងៃចន្ទ នូវគណនី​របស់​ជនសង្ស័យ ដែលត្រូវបាន​ចាប់ខ្លួន នៅក្នុងយុទ្ធនាការ​ប្រឆាំងអំពើ​ពុករលួយ ដឹកនាំដោយ​ព្រះអង្គម្ចាស់ រាជទាយាទ Mohammed bin Salman ក៏ប៉ុន្តែ​ក្រុមអ្នកជំនាញ​ខ្លះ ប្រតិបត្តិការនេះ​ធ្វើឡើង​ក្នុងគោល​បំណង ពង្រឹងអំណាចព្រះបុត្រា​ស្នងរាជ្យ៕