(ហាណូយ)៖ ព្យុះទីហ្វុងដ៏កំណាចមួយមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម និងផ្តាច់យកជីវិតមនុស្សមកទល់នឹងពេលនេះកើនឡើងដល់៤៩នាក់ហើយ ខណៈមនុស្ស២៧នាក់ទៀត នៅក្នុងខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ABC News នៅថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាជ្ញាធរវៀតណាមបានឲ្យដឹងទៀតថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់ នៅក្នុងខេត្តភាគកណ្តាលទាំងបួនខាងលើនេះ នាវាដឹកទំនិញតូច-ធំ និងទូកនេសាទប្រមាណ ២៣០គ្រឿង ក៏ត្រូវបានព្យុះដំរីមួយនេះ បោកពន្លិចទៅក្នុងសមុទ្រដោយរលកធំៗ និងខ្យល់បោកបក់ខ្លាំងក្លាផងដែរ។ ចំណែកឯ ខេត្ត Khanh Hoa គឺជាខេត្តរងគ្រោះធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាងគេហើយមិនតែប៉ុណ្ណោះ ព្យុះកំណាចមួយនេះក៏បានបំផ្លាញផលដំណាំ ៣០,០០០ហិកតា ផ្ទះ ១,០០០ខ្នង បានដួលរលំទាំងស្រុង, ៤៣,០០០ខ្នងទៀតរងការបំផ្លាញ និងប្រជាជន ៣៣,០០០នាក់ត្រូវបានជម្លៀស។
គួរបញ្ជាក់ថា ព្យុះខាងលើនេះបានកើតមានឡើងយ៉ាងទាន់ហន់ នៅអំឡុងពេលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍នេះ ហើយក៏មុនដំណើរមកដល់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ សម្រាប់តំបន់ដែលកំពុងទទួលរងគ្រោះធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគកណ្តាលប្រទេស៕