(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនាថ្ងៃចន្ទនេះថា ប្រទេសជប៉ុន អាចបាញ់គ្រាប់មីស៊ីល ប្រទេសកូរ៉េខាងជើង ទម្លាក់ពីលើមេឃបាន ប្រសិនបើទិញអាវុធពីសហរដ្ឋអាមេរិក ដោយណែនាំឱ្យរដ្ឋាភិបាលក្រុងតូក្យូ ទទួលយកគោលជំហរថ្មីដែលរដ្ឋនេះធ្លាប់បញ្ចៀសនាពេលកន្លងមក នេះបើយោងតាមសេចក្តី រាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោក ត្រាំ បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ដោយបញ្ជាក់ថា «យុគសម័យនៃយុទ្ធសាស្ត្រអត់ធ្មត់» ជាមួយប្រទេសកូរ៉េខាងជើង ហួសសម័យទៅហើយ ព្រមទាំងបញ្ជាក់ថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នាដើម្បីទប់ទល់នឹងគ្រោះថ្នាក់នៃការវាយប្រហារពីកូរ៉េខាងជើង។

សូមជម្រាបថា កន្លងមកប្រទេសកុម្មុយនីសមួយនេះ ធ្លាប់បានបាញ់គ្រាប់មីស៊ីល រំលងប្រទេសជប៉ុន ចំនួនពីរលើករួចមកហើយ។ ប្រទេសកូរ៉េខាងជើង ព្យាយាមជម្រុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងរៀបចំគម្រោងដោយឥតលាក់បាំង ក្នុងការអភិវឌ្ឍន៍គ្រាប់មីស៊ីល ដែលអាចបាញ់ប្រហារទៅលើដែនដីសហរដ្ឋអាមេរិក៕