(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត បានចង្អុលមុខអ៊ីរ៉ង់ត្រង់ៗតែម្ដងថា ជាអ្នកទទួលខុសត្រូវលើមីស៊ីលផ្លោងមួយគ្រាប់ ដែលត្រូវបានគេបាញ់ចេញពីទឹកដីយ៉េមែន ឆ្ពោះមកកាន់ទីក្រុងរីយ៉ាដ ដោយថែមទាំងព្រមានដែរថា វាអាចនឹងត្រូវបានចាត់ទុកថា ជាសកម្មភាពបញ្ឆេះសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានបន្ទោសទីក្រុងតេហេរ៉ង់ថា គ្រោះថ្នាក់របៀប នេះនឹងមិនកើតឡើងឡើយ បើអ៊ីរ៉ង់មិនគាំទ្រពួកឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយ៉េមែន។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «តួនាទីរបស់អ៊ីរ៉ង់ និងការបញ្ជាដោយផ្ទាល់លើ ពួកឧទ្ទាមហ៊ូទី គឺជាប្រភពនៃបញ្ហា ហើយវាបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពឈ្លានពានលើប្រទេសជិតខាង ព្រមទាំងគំរាមកំហែងដល់សន្តិភាព ក៏ដូចជាសន្តិសុខនៅក្នុងតំបន់ និងពិភពលោកទំាងមូល... ទង្វើដែលរបបដឹកនាំអ៊ីរ៉ង់ កំពុងប្រព្រឹត្ត អាចនឹងត្រូវបានចាត់ទុកថា ជាសកម្មភាពសង្រ្គាមប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត»។ ជាងនេះទៅទៀត ទីក្រុងរីយ៉ាដ បានព្រមានទៀតថា នឹងចាត់វិធានការឆ្លើយតបទៅនឹងអ៊ីរ៉ង់ នៅពេលវេលាសាកសមណាមួយ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ កងកម្លាំងទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ ដែលត្រូវគេបាញ់ចេញពីទឹកដីយ៉េមែន តម្រង់មកកាន់អាកាស យានដ្ឋាន King Khalid International Airport ស្ថិតនៅក្បែរទីក្រុងរីយ៉ាដ ក៏ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញឡើយ។ អារ៉ាប៊ីសាអូឌីត បានដឹកនាំ ក្រុមចំរុះអារ៉ាប់មានជាង ១០ប្រទេស ធ្វើអន្តរាគមន៍យោធាក្នុងប្រទេសយ៉េមែន កាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលនៃលោកប្រធានាធិបតី Abdul Rabbu Mansour Hadi ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក ដែលកំពុងគ្រប់គ្រងរដ្ឋធានីសាណាអា និងដែនដីមួយផ្នែកធំនៅភាគខាងជើងនៃប្រទេស៕