(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះបានសន្យាថា នឹងចូលរួមចំណែកលើកកម្ពស់ភាពជាដៃគូ នៃពាណិជ្ជកម្មសេរីប្រកបដោយតុល្យភាពជាមួយជប៉ុន បន្ទាប់ពីជួបប្រទះឱនភាពពាណិជ្ជកម្ម អស់រាប់ទសវត្សរ៍មកនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន កំពុងមានភាពល្អប្រសើរលើសពេលណាៗទាំងអស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ ថ្លែងបែបនេះនៅអំឡុងពិធីជួបជុំជាមួយអ្នកជំនួញជប៉ុន និងអាមេរិកនៅក្នុងទីក្រុងតូក្យូ។ លោក ត្រាំ បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិក បានរងការឈឺចាប់ ដោយសារឱនភាពពាណិជ្ជកម្មយ៉ាងធំធេងជាមួយជប៉ុន អស់រាប់ឆ្នាំមកហើយ... យើងចង់បានពាណិជ្ជកម្មសេរីមួយ ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ប៉ុន្តែពាណិជ្ជកម្ម របស់យើងបច្ចុប្បន្នមិនមែនជាពាណិជ្ជកម្មសេរី ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនោះទេ តែយ៉ាងណាខ្ញុំយល់ថា វានឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ប្រកបដោយមិត្តភាព»។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders លោក ដូណាល់ ត្រាំ មិនមានគំរោងផ្លាស់ប្ដូរកាលបរិច្ឆេទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃ ជាលើកដំបូងមកកាន់ទ្វីបអាស៊ីឡើយ បើទោះជាមានការបាញ់ប្រហារសម្លាប់មនុស្ស ២៦នាក់ នៅក្នុងរដ្ឋតិចសាស់កាលពីថ្ងៃអាទិត្យក៏ដោយ៕