(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យគ្រប់ទង់ជាតិអាមេរិកទាំងអស់ មិនថានៅក្នុង ឬក្រៅប្រទេសឡើយ ត្រូវបង្ហូតនៅត្រឹមពាក់កណ្តាលដង រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ទាំង ២៦នាក់ ក្នុងការបាញ់ប្រហារយ៉ាងរង្គាលនៅរដ្ឋតិចសាស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានថ្លែងថា «ដើម្បីសម្តែងការគោរពដល់ជនរងគ្រោះ នៃអំពើហិង្សាដ៏អាក្រក់ ដែលបានកើតឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកានេះ រូបខ្ញុំក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក សូមបញ្ជាឲ្យគ្រប់ទង់ជាតិអាមេរិកទាំងអស់ ត្រូវបង្ហូតនៅត្រឹមពាក់កណ្តាល ទាំងនៅសេតវិមានផ្ទាល់ និងនៅលើរាល់អគារ និងទីធ្លាសាធារណៈ នៅគ្រប់ទីតាំងមូលដ្ឋានយោធា រួមទាំងស្ថានីយ៍ក៏ដូចជានាវាទ័ពជើងទឹក នៅឯរដ្ឋធានីវ៉ាស៊ីនតោន ក៏ដូចជានៅទូទាំងប្រទេស និងដែនដីនានារបស់សហរដ្ឋអាមេរិក រហូតដល់ពេលព្រះអាទិត្យលិច នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមពីនេះ ខ្ញុំក៏សូមបង្គាប់ឲ្យរាល់ទង់ជាតិ នៅតាមស្ថានទូត ស្ថានកុងស៊ុល ព្រមទាំងបន្ទាយយោធាជើងគោក ជើងអាកាស និងជើងទឹក របស់អាមេរិក នៅក្រៅប្រទេស ត្រូវបង្ហូតត្រឹមពាក់កណ្តាល ក្នុងរយៈពេលដូចគ្នាផងដែរ។
គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារ ដែលបានកើតឡើងនៅក្នុងព្រះវិហារមួយកន្លែង ស្ថិតក្នុងសហគមន៍ Sutherland Springs នៃរដ្ឋតិចសាស់នាថ្ងៃអាទិត្យ បានផ្តាច់យកជីវិតមនុស្ស ២៦នាក់ រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងផ្ទាល់។ ជនដៃដល់រូបនេះ ដែលត្រូវគេរាយការណ៍ថា មានឈ្មោះ Devin Patrick Kelley វ័យ ២៦ឆ្នាំ ជាអតីតមន្ត្រីទ័ពអាកាស និងធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំនោះ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីជននេះបានគេចខ្លួនពីកន្លែងកើតហេតុ។ ទន្ទឹមនឹងនេះទីភ្នាក់ងារស៊ើបអង្កេត FBI បានគូសបញ្ជាក់ថា ពុំមានមូលហេតុណាមួយត្រូវបានរកឃើញ សម្រាប់ចេតនារបស់ខ្មាន់កាំភ្លើងនៅឡើយទេ៕