(ប៉េកាំង)៖ ការដាក់ឲ្យធ្វើតេស្តនាវាយក្សផលិតដោយផ្ទាល់ដៃ ដែលមានរហស្សនាមថា «អ្នកកសាងកោះសិប្បនិម្មិត ដ៏ខ្លាំងជាងគេបំផុតប្រចាំអាស៊ី» របស់ទីក្រុងប៉េកាំងនោះ អាចនឹងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំងថែមទៀត ចំពោះប្រទេសជិតខាងរបស់ចិន ក៏ប៉ុន្តែភ្លាមៗនេះដែរ អ្នកវិភាគចិនបានអះអាងថា នាវាដ៏ធំមហិមានេះ នឹងមិនត្រូវយកទៅប្រើប្រាស់ ដើម្បីបង្កើនសកម្មភាពសាងសង់កោះរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីចុងសប្តាហ៍មុននេះ ចិនបានអបអរសាទរជោគជ័យខាងវិស័យផ្លូវទឹកថ្មីមួយទៀត នៅពេលដែលនាវាបូមខ្សាច់ដ៏ធំសម្បើម និងផលិតដោយផ្ទាល់ដៃរបស់ខ្លួន បានចាប់ផ្តើមដំណើរការសាកល្បង។ នាវាឈ្មោះ Tian Kun Hao មានបណ្តោយប្រវែង ១៤០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ ដែលបានចុះទឹកជាលើកដំបូង នៅក្រុង Qidong ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេស ត្រូវបានបណ្តាញសារព័ត៌មានចិនរៀបរាប់ថា វាជានាវាសម្រាប់កសាងកោះដ៏ខ្លាំងជាងគេបំផុតរបស់អាស៊ី។
ដោយមើលទៅលើសកម្មភាព សាងសង់កោះសិប្បនិម្មិតរបស់ទីក្រុងប៉េកាំង នាពេលកន្លងមក នៅក្នុងតំបន់សមុទ្រចិនខាងត្បូង រហស្សនាមបែបនេះ អាចបង្កជាក្តីព្រួយបារម្ភបានយ៉ាងងាយ ក្នុងចំណោមបណ្តាអ្នកជិតខាងឯទៀតៗ នៅក្នុងតំបន់ ជាពិសេសនោះ ស្របពេលដែលនាវាថ្មីនេះ នឹងត្រូវប្រើប្រាស់ជំនួសឲ្យនាវា Tian Jing Hao ដែលធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់គោលបំណងបែបនេះ ក្នុងនាមជានាវាបូមខ្សាច់ធំជាងគេបង្អស់នៅអាស៊ី។
យ៉ាងណាមិញ អ្នកវិភាគយោធាមួយរូបឈ្មោះ Li Jie នៅឯទីក្រុងប៉េកាំង បានចេញមុខបន្ធូរបន្ថយក្តីព្រួយបារម្ភនានា ដែលអាចនឹងកើតមានឡើងបានថា «ចិននឹងគោរពប្រតិបត្តិតាមក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ហើយនឹងមិនប្រើប្រាស់នាវានេះ ដើម្បីពង្រីកវិសាលភាពកោះសិប្បនិម្មិតរបស់ខ្លួន នៅដែនសមុទ្រមានជម្លោះនេះឡើយ»។
គួរបញ្ជាក់ថា ជាមួយផ្ទៃនាវាមានទំហំស្មើនឹងទីលានបាល់បោះលក្ខណៈស្តង់ដា ដល់ទៅចំនួន ០៩នោះ នាវា Tian Kun Hao មានសមត្ថភាពធ្វើការបូមខ្សាច់បាន ៦,០០០ម៉ែត្រគូប ក្នុងរយៈពេលមួយម៉ោង និងអាចជីកបានជម្រៅជ្រៅដល់ ៣៥ម៉ែត្រ ក្រោមបាតសមុទ្រ។ ក្រៅពីនេះ វាក៏មានប្រព័ន្ធចល័តខ្លួនដ៏ទំនើប ព្រមទាំងប្រព័ន្ធប្រតិបត្តិការដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានមនុស្សគ្រប់គ្រងនៅលើនោះផងដែរ។ នាវា Tian Kun Hao ត្រូវគេរំពឹងថា នឹងហើយរួចរាល់ ដើម្បីដំណើរការជាផ្លូវការពេញលេញ នៅរដូវក្តៅឆ្នាំក្រោយនេះ៕