(ឡុងដ៍)៖ ទឹកប្រាក់រាប់លានផោនមានប្រភពមកពី ស្ថាប័នអចលនទ្រព្យឯកជន របស់ម្ចាស់ក្សត្រីយ៍ចក្រភពអង់គ្លេស Elizabeth II ត្រូវបានបណ្តាក់ទុនវិនិយោគ នៅឯក្រៅប្រទេស ដែលមានការយកពន្ធក្នុងកម្រិតទាប។ នេះបើតាមឯកសារហិរញ្ញវត្ថុដ៏ធំថ្មីមួយ ដែលទើបបែកធ្លាយនាពេលថ្មីៗនេះ ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមឯកសារខាងលើថវិកាប្រហែល ១០លានផោន ឬស្មើនឹងជាង ១៣លានដុល្លារអាមេរិក នៃមូលធនឯកជនរបស់ម្ចាស់ក្សត្រីយ៍អង់គ្លេស ត្រូវបានវិនិយោគទៅក្នុងមូលធិនិ នៅឯតំបន់ដីកោះ Cayman Island នៅលើសមុទ្រការីបៀន និង Bermuda នៅលើមហាសមុទ្រអាត្លង់ទិក ដែលតំបន់ទាំងពីរនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។
បន្ទាប់មកទៀតថវិកាទាំងអស់នេះ ត្រូវបានមូលនិធិខាងលើ យកទៅបណ្តាក់ទុនវិនិយោគបន្ត នៅក្នុងមុខជំនួញជាច្រើន រួមមានទាំងក្រុមហ៊ុនលក់រាយ ដែលចោមរោមដោយរឿងអាស្រូវដ៏ចម្រូងចម្រាស BrightHouse ដែលរងការចោទប្រកាន់ ពីបទកេងប្រវ័ញ្ចលើជនទីទាល់ក្រ ព្រមទាំងបណ្តាញហាងលក់គ្រឿងស្រវឹងមួយ បានក្ស័យធននាពេលបន្ទាប់។
ការវិនិយោគដែលស្របច្បាប់ទាំងស្រុងនេះ ត្រូវបានធ្វើឡើងតាមរយៈស្ថាប័ន Duchy of Lancaster ដែលជាអ្នកផ្តល់ប្រាក់ចំណូលដល់ម្ចាស់ក្សត្រីយ៍ Elizabeth II និងទទួលខុសត្រូវចំពោះការវិនិយោគនានា នៃអចលនាទ្រព្យដ៏ធំធេងរបស់ម្ចាស់ក្សត្រីយ៍អង់គ្លេស។ ម៉្យាងវិញទៀត ពុំមានការលើកឡើងណាមួយដែលថា ស្ថាប័នអចលនទ្រព្យរបស់ម្ចាស់ក្សត្រីយ៍ បានប្រព្រឹត្តផ្ទុយនឹងច្បាប់ ឬក៏មិនបានបង់ពន្ធតាមការកំណត់នោះដែរ។
ក៏ប៉ុន្តែការលេចធ្លាយព័ត៌មាននេះ ប្រហែលអាចបង្កជាសំណួរជុំវិញបញ្ហាថា តើវាជារឿងត្រឹមត្រូវដែរ ឬយ៉ាងណាសម្រាប់ប្រមុខរដ្ឋអង់គ្លេស ដែលធ្វើការវិនិយោគ នៅតំបន់ឯនាយសមុទ្រ ដែលមានការយកពន្ធក្នុងកម្រិតទាបបែបនេះ។
គួរបញ្ជាក់ថា កំណត់ហេតុនៃការវិនិយោគទាំងនេះ បានលេចឡើងនៅក្នុងឯកសារបែកធ្លាយទ្រង់ទ្រាយធំមួយ មានឈ្មោះថា Paradise Papers របស់សមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ ICIJ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាអ្នកស្ថិតនៅពីក្រោយការបញ្ចេញឯកសារ Panama Papers កាលពីឆ្នាំ២០១៥៕