(រីយ៉ាត)៖ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតមួយអង្គ បានសោយទិវង្គតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅក្បែរតំបន់ជាប់ព្រំដែនជាមួយប្រទេសយ៉េមែន ស្របពេលដែលស្ថានការណ៍ក្នុងតំបន់ កំពុងក្តៅគគុកខ្លាំង។ នេះបើតាមស្ថានីយ៍ទូរទស្សន៍រដ្ឋ អារ៉ាប់ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមស្ថានីយ៍ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត Al-Ikhbariya ព្រះអង្គម្ចាស់ Mansour bin Muqrin ជាអភិបាលរងនៃខេត្ត Asir បានធ្វើដំណើរជាមួយមន្ត្រីជាច្រើននាក់នៅពេល ឧទ្ធម្ភាគចក្រធ្លាក់កាលពីថ្ងៃអាទិត្យ។ ចំណែកឯមូលហេតុនៃឧប្បដិហេតុនេះ មិនទាន់ត្រូវគេបញ្ជាក់នៅឡើយទេ ក៏ប៉ុន្តែវាបានកើតឡើង នៅចំពេលព្រះរាជាទាយាទព្រះអង្គម្ចាស់ Mohammed bin Salman បានដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយ ដោយចាប់ខ្លួនព្រះអង្គម្ចាស់ ១១អង្គ និងរដ្ឋមន្ត្រី ០៤រូប កាលពីចុងសប្ដាហ៍កន្លងទៅ ហើយដែលប្រតិបត្តិការ នេះត្រូវបានគេមើលឃើញថា គឺជាយុទ្ធនាការពង្រឹងអំណាចនៃគ្រួសាររាជវង្ស Salman។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mansour bin Muqrin ដែលបានសោយទិវង្គតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ គឺជាបុត្រានៃអតីតទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Muqrin bin Abdul Aziz។ ព្រះអង្គម្ចាស់ Muqrin នេះឯងត្រូវបានស្ដេច Salman ដកដំណែងកាលពីឆ្នាំ២០១៥ ប្រគល់ឱ្យព្រះអង្គម្ចាស់ Muhammad bin Nayef ដែលត្រូវបានដកតំណែងបន្តប្រគល់ឱ្យរាជទាយាទបច្ចុប្បន្នព្រះអង្គម្ចាស់ Mohammad bin Salman កាលពីខែមិថុនា ឆ្នាំ២០១៧៕