(អាមេរិក)៖ ខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារ បង្កឲ្យមនុស្សស្លាប់ ២៦នាក់ និង ២០នាក់រងរបួសនោះ នៅឯព្រះវិហារសាសនាគ្រិស្តមានឈ្មោះថា First Baptist ក្នុងសហគមន៍ Sutherland Springs នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិកនោះ ធ្លាប់បានបម្រើការនៅក្នុងជួរកងទ័ពអាកាស ហើយត្រូវបានបញ្ឈប់ពីការងារវិញដោយសារតែមានសីលធម៌មិនល្អ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជនដៃដល់ខាងលើត្រូវគេរាយការណ៍ថា មានឈ្មោះ Devin Patrick Kelley វ័យ ២៦ឆ្នាំ ហើយក្រោយពេលកើតហេតុ ជនរូបនេះត្រូវបានគេរកឃើញថា ស្លាប់បន្ទាប់ពីមានការបើករថយន្តប្រដេញពីសំណាក់ កងកម្លាំងប៉ូលិសអស់មួយរយៈពេលខ្លី។ យោងតាមអ្នកនាំពាក្យកងទ័ពអាកាសអាមេរិក កាលពីឆ្នាំ២០១២ លោក Kelly ត្រូវបានតុលាការយោធា កាត់ទោសពីបទប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធ និងកូនរបស់លោក។
ក្រោយមកនៅឆ្នាំ២០១៤ អតីតមន្រ្តីយោធារូបនេះ ត្រូវបានបញ្ឈប់ពីការងារ និងត្រូវបានឃុំខ្លួនអស់រយៈពេល ១២ខែ ហើយត្រូវបានទម្លាក់តំណែងថែមទៀតផង។
គួរបញ្ជាក់ថា ទង្វើដ៏ព្រៃផ្សៃរបស់បុគ្គល Kelly ដែលបានបាញ់រះទៅលើហ្វូងមនុស្ស ដែលស្ថិតនៅក្នុងព្រះវិហារ First Baptist នៃរដ្ឋតិចសាស់ បានផ្តាច់ជីវិតមនុស្ស ២៦នាក់ និងបណ្តាលឲ្យរបួស ២០នាក់ផ្សេងទៀត។ ម៉្យាងវិញទៀត បើតាមអាជ្ញាធរអាមេរិក អាវុធដែលជនដៃដល់រូបនេះ បានប្រើប្រាស់ដើម្បីធ្វើសកម្មភាព គឺប្រភេទកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិធុន AR-15 ជាប្រភេទកាំភ្លើងរះដូចគ្នា ដែលត្រូវបានប្រើប្រាស់ ក្នុងករណីបាញ់ប្រហារយ៉ាងសាហាវៗជាច្រើន នៅសហរដ្ឋអាមេរិក រួមមានករណីនៅទីក្រុង Las Vegas, នៅសាលាបឋមសិក្សា Sandy Hook និងនៅក្លឹបកម្សាន្តរាត្រីនៃទីក្រុង Orlando ជាដើម៕