(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានសម្រេចចិត្តដាក់ទណ្ឌកម្មឯតោភាគី លើជនជាតិកូរ៉េខាងជើង ១៨នាក់ ដោយហាមឃាត់ពួកគេក្នុងការធ្វើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយប្រជាជនកូរ៉េខាងត្បូង ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ទប់ស្កាត់លំហូរហិរញ្ញវត្ថុខុសច្បាប់របស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង ជាទីដែលលោកត្រូវ បានគេរំពឹងថា នឹងធ្វើការបេ្ដជ្ញាចិត្តការពារទីក្រុងសេអ៊ូល ប្រឈមមុខនឹងកូរ៉េខាងជើង។
ជុំវិញទណ្ឌកម្មនេះដែរ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីកូរ៉េខាងត្បូងម្នាក់បានបញ្ជាក់ ថាជនជាតិកូរ៉េខាងជើងទាំង ១៨នាក់ ខាងលើដែលបានជាប់ទណ្ឌកម្ម UN ហើយនោះ គឺមានទំនាក់ទំនងដោយផ្ទាល់ជាមួយបណ្ដាធនាគារកូរ៉េខាងជើង ជាពិសេសទាក់ទិននឹងកម្មវិធី អភិវឌ្ឍន៍នុយក្លេអ៊ែ និងមីស៊ីលរបស់របបដឹកនាំ លោក គីម ជុងអ៊ុន។ ដូច្នេះហើយទើបទីក្រុងសេអ៊ូល សម្រេចបញ្ចូលពួកគេនៅក្នុងបញ្ជីខ្មៅ តាមរយៈការហាមឃាត់ពួកគេក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយរាល់ប្រជាជនកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងជាប់ក្នុងបញ្ជីខ្មៅទាំង ១៨នាក់ ខាងលើមានឈ្មោះដូចជា Kang Min, Ko Chol Man, Ku Ja Hyong, Kim Kyong Il, Kim Tong Chol, Kim Sang Ho, Kim Jong Man, Kim Hyok Chol, Ri Un Song, Ri Chun Song, Ri Chun Hwan, Mun Kyong Hwan, Park Mun Il, Pak Bong Nam, Pang Su Nam, Pae Won Uk, Chu Hyok និង Choe Sok Min។ មួយវិញទៀត ១៤នាក់ក្នុងចំណោមអ្នកទាំងនេះ កំពុងរស់នៅប្រទេសចិន ០២នាក់នៅលីប៊ី និង០២នាក់ទៀតនៅរុស្ស៊ី៕