(អាមេរិក)៖ តារាវិទូអន្តរជាតិមួយក្រុម បានរកឃើញចំហាយភាយចេញពីបណ្តុំពពក នៃខ្សែក្រវាត់ធូលីអវកាសដ៏ត្រជាក់ នៅជុំវិញភពប៉ុនផែនដីមានឈ្មោះ Proxima b ដែលត្រូវបានគេរកឃើញកាលពីឆ្នាំ២០១៦ និងជាភពដ៏កៀកនឹងប្រព័ន្ធព្រះអាទិត្យយើងជាងគេបំផុត ហើយម៉្យាងវិញទៀតក្រុមអ្នកវិទ្យាសាស្រ្តនេះ បានជឿជាក់ថា ប្រហែលជាមានភពដទៃៗទៀតនៅទីនោះ ដែលពុំទាន់ត្រូវបានរកឃើញនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមក្រុមតារាវិទូខាងលើ ធូលីអវកាសនៅជុំវិញផ្កាយ Proxima Centauri គឺជាមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះថា ក្រោយពីការរកឃើញភព Proxima b វាគឺជាតំរុយដំបូងបង្អស់ ស្តីពីវត្តមាននៃប្រព័ន្ធផ្កាយដ៏ល្អិតល្អន់មួយ ដោយមិនមែនគ្រាន់តែជាភពតែឯកឯងមួយនៅជុំវិញផ្កាយ ដែលនៅជិតព្រះអាទិត្យយើងជាងគេប៉ុណ្ណោះឡើយ។
គួរបញ្ជាក់ថា Proxima Centauri គឺជាផ្កាយដ៏កៀកនឹងព្រះអាទិត្យជាងប្រព័ន្ធផ្កាយណាៗផ្សេងទៀតទាំងអស់ ហើយវាគឺជាផ្កាយ Red Dwarf (មានពន្លឺខ្សោយ និងមិនសូវជាក្តៅ) ដែលស្ថិតនៅចម្ងាយត្រឹមជាង ០៤ឆ្នាំ ពន្លឺពីយើងនៅក្នុងកញ្ចុំផ្កាយ Centaurus ឬ The Centaur។ វាក៏ស្ថិតនៅក្បែរប្រព័ន្ធផ្កាយភ្លោះ Alpha Centuari ដែលមានផ្កាយចំនួនពីរវិលជុំវិញគ្នា ដូចមានបញ្ជាក់នៅក្នុងរឿង Avatar នោះឯង ហើយស្ថិតនៅចម្ងាយ ៤.៤ឆ្នាំពន្លឺពីភពផែនដី ប៉ុន្តែវាពុំទាន់មានភពវិញជុំវិញវា ត្រូវបានរកឃើញនោះឡើយ៕