(ព្រុចសែល)៖ ចៅក្រមស៊ើបសួរប្រទេសប៊ែលហ្សិក បានសម្រេចដោះលែងអតីតមេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ព្រមទាំងមនុស្សជំនិត ០៤នាក់ទៀត ដែលជាអតីតសមាជិកក្នុងគណៈរដ្ឋមន្រ្តីរបស់លោក ដោយមានលក្ខខណ្ឌមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមលោក ផូល ប៊ែឃឺត (Paul Bekaert) មេធាវីជនជាតិប៊ែលហ្សិករបស់លោក Puigdemont បុគ្គលទាំង ០៥រូប ខាងលើនេះពុំអាចចាកចេញពីទឹកដីប្រទេសប៊ែលហ្សិក ដោយគ្មានការអនុញ្ញាតយល់ព្រម ពីសំណាក់ចៅក្រមស៊ើបសួរឡើយ ហើយត្រូវស្នាក់នៅក្នុងអាស័យដ្ឋាន ដែលត្រូវបានកំណត់ជាក់លាក់ ឥតមានការផ្លាស់ប្តូរប្រែប្រួល និងត្រូវចូលបង្ហាញខ្លួនដោយផ្ទាល់ តបតាមនីតិវិធីនានា ឬក៏ការកោះហៅពីសំណាក់អាជ្ញាធរយុត្តិធម៌ ក៏ដូចជាប៉ូលិសប៊ែលហ្សិក។
គួរបញ្ជាក់ថា លោក Carles Puigdemont និងអតីតមន្រ្តី ០៤រូប នៃគណៈរដ្ឋមន្រ្តីរបស់លោក ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលអេស៉្បាញ ដូចទៅនឹងមន្រ្តីរដ្ឋាភិបាលតំបន់ Catalonia ចំនួន ០៨រូប ផ្សេងទៀតដែរ ពីបទបង្កចលនាបះបោរ និងការកេងបន្លំមូលនិធិសាធារណៈ បន្ទាប់ពីមានការប្រកាសឯករាជ្យជាឯកតោភាគីនៅតំបន់ស្វយ័តនេះ កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ។
គួរបញ្ជាក់ថា បុគ្គលទាំង ០៥រូប ខាងលើ ក៏បានធ្វើដំណើរមកដល់ទីក្រុងព្រុចសែល នៅប៉ុន្មានថ្ងៃក្រោយ ហើយលោក Puigdemont បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា លោកពុំបានព្យាយាមដើម្បីស្វែងរកសុំ សិទ្ធិជ្រកកោណផ្នែកនយោបាយ នៅប្រទេសប៊ែលហ្សិកឡើយ។ លោក Puigdemont បានប្រគល់ខ្លួនឲ្យសមត្ថកិច្ចប៊ែលហ្សិកកាលពីថ្ងៃអាទិត្យ ហើយលោកក៏បានអះអាងដែរថា លោកនឹងត្រឡប់ទៅអេស្ប៉ាញវិញ លុះត្រាតែមានការធានាថា រឿងក្តីរបស់លោក នឹងត្រូវដោះស្រាយដោយុត្តិធម៌៕