(តិចសាស់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមសម្ដែងសមានទុក្ខដល់ជនរងគ្រោះ នៅក្នុងការបាញ់ប្រហារដ៏រង្គាលនៅឯវិហារសាសនាគ្រិស្ដមួយកន្លែង ក្នុងរដ្ឋតិចសាស់ ដែលបានផ្ដាច់យកអាយុជីវិតមនុស្ស ២៦នាក់ និង ២០នាក់ ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅលើបណ្ដាញ Twitter ខណៈបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសជប៉ុន លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងតាមដានការវិវត្តន៍ស្ថានការណ៍ នៃករណីបាញ់ ប្រហារនេះយ៉ាងយកចិត្តទុកដាក់។ លោក ត្រាំ បានបន្ថែមដូច្នេះថា «ទង្វើបិសាចបានកើតឡើងចំពេលជនរងគ្រោះ និងគ្រួសាររបស់ពួកគេស្ថិតនៅក្នុងទីគោរពបូជាដ៏ពិសិដ្ឋរបស់ ពួកគេ... សង្ឃឹមថា ព្រះជាម្ចាស់នឹងនៅជាមួយប្រជាជននៃតំបន់ Sutherland Springs នៃរដ្ឋតិចសាស់ ខណៈ FBI និងអាជ្ញាធរអនុវត្តន៍ច្បាប់ កំពុងស្ថិតនៅកន្លែងកើតហេតុហើយខ្ញុំ កំពុងតាមដានការវិវត្តន៍ស្ថានភាពពីប្រទេសជប៉ុន... តែយ៉ាងណាក៏ដោយ តាមរយៈទឹកភ្នែក និងទុក្ខសោកនេះ យើងនឹងកាន់តែរឹងមំាឡើង»។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិកហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងនៅវិហារគ្រិស្ដ First Baptist ស្ថិតនៅក្នុងទីក្រុង Sutherland Springs នៃតំបន់ Wilson ក្នុងរដ្ឋតិចសាស់ នៅពេលបុរសជាខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះទៅលើហ្វូងមនុស្ស នៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែទន្ទឹមគ្នាសារព័ត៌មាននៅក្នុងស្រុក ក៏បានរាយការណ៍ដែរថា បុរសជាខ្មាន់កាំភ្លើងមានអាយុ ២៦ឆ្នាំ មានឈ្មោះថា Devin P Kelley និងត្រូវបានបាញ់សម្លាប់នៅអំឡុងពេលប៉ះ ទង្គិចគ្នាជាមួយប៉ូលិស ដែលមិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះនៅឡើយទេ៕