BREAKING NEWS: ទីបំផុត «អតីតមេដឹកនាំបះបោរ Catalonia ព្រមប្រគល់ខ្លួនឲ្យប៉ូលិសប៊ែលហ្សិក» ក្រោយរដ្ឋាភិបាលអេស្ប៉ាញ ទម្លាក់ពីអំណាច និងប្រកាសចាប់ខ្លួន!
05-11-2017 20:46
(ព្រុចសែល)៖ ទីបំផុតអតីតមេដឹកនាំ Catalonia ដែលត្រូវរដ្ឋាភិបាលអេស្ប៉ាញ ទម្លាក់ចេញពីអំណាចកាលពីសប្តាហ៍មុននេះ បានប្រគល់ខ្លួនទៅឲ្យប៉ូលិសប៊ែលហ្សិកហើយ ព្រមគ្នាជាមួយនិងទីប្រឹក្សាជំនិតរបស់លោក ០៤រូបទៀត។ នេះបើតាមការចេញផ្សាយព័ត៌មាននៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យរដ្ឋអាជ្ញារបស់ប៊ែលហ្សិក បានថ្លែងជុំវិញបញ្ហានេះថា «ចៅក្រមស៊ើបសួរ នឹងធ្វើការសម្រេចចិត្តនៅព្រឹកថ្ងៃចន្ទស្អែកនេះថា តើគួរប្រតិបត្តិការដីកាចាប់ខ្លួននៃសហភាពអឺរ៉ុប ដែលត្រូវបានចេញដោយចៅក្រមអេស្ប៉ាញ ដែឬមួយក៏យ៉ាងណានោះ»។ មេដឹកនាំ Catalonia លោក ខាឡែស ភីកដឺម៉ុន បានរត់ទៅកាន់ប្រទេសប៊ែលហ្សិកភ្លាមៗ ក្រោយពីលោក និងអតីតរដ្ឋបាលនៅតំបន់ Catalonia ប្រកាសឯករាជ្យ ដោយប្រឆាំងនឹងការព្រមានរបស់ទីក្រុងម៉ាឌ្រីត។
លោក ភីកឌឺម៉ុន ធ្លាប់បានអះអាងថា លោកនឹងមិនទៅប្រទេសអេស្ប៉ាញវិញនោះឡើយ លុះត្រាណាតែមានការធានាថា ការកាត់ក្តីរូបលោក នឹងប្រព្រឹត្តទៅដោយយុត្តិធម៌។ គួរបញ្ជាក់ថា យើងត្រូវរង់ចាំដល់ព្រឹកថ្ងៃចន្ទស្អែកនេះ (ពេលវេលានៅទីក្រុងព្រុចសែល) ដើម្បីបានដឹងថា តើអាជ្ញាធរប៊ែលហ្សិក នឹងបញ្ជូនលោក ភីកដឺម៉ុន ទៅអេស្ប៉ាញវិញដែរ ឬទេ៕