(តូក្យូ)៖ ខណៈកំពុងតែបំពេញទស្សនកិច្ចជាលើកដំបូង នៅក្នុងប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តបែបយុទ្ធសាស្ត្ររបស់ខ្លួន នៅអាស៊ីខាងកើតនោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងសារព្រមានធ្ងន់ៗចំពោះកូរ៉េខាងជើងថា «គ្មានទេជនផ្តាច់ការ ដែលអាចមើលងាយសហរដ្ឋអាមេរិកនោះ»។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាយប់ថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការថ្លែងរបស់ លោក ត្រាំ ខាងលើនេះ បានធ្វើឡើងនៅក្នុងការបំពេញទស្សនកិច្ច ទៅកាន់មូលដ្ឋានទ័ពអាកាស Yokota ភាគខាងលិចទីក្រុងតូក្យូ។ មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់នៅចំពោះមុខកងយោធា ក្នុងមូលដ្ឋានទ័ពយ៉ាងដូច្នេះថា «គ្មាននរណាម្នាក់ គ្មានជនផ្តាច់ការ គ្មានរបប និងគ្មានជាតិសាសន៍ណា អាចមើលងាយដល់ដំណោះស្រាយរបស់សហរដ្ឋអាមេរិកនោះឡើយ»។
មេដឹកនាំមាត់ឆៅរបស់អាមេរិក រូបនេះក៏បានបន្ថែមទៀតថា «គ្មាននរណាម្នាក់អាចបង្កព្យុះភ្លៀង និងរាំងស្ទះដល់កិច្ចការពារ ប្រជាជន សេរីភាព និងទង់ជាតិអាមេរិក ដ៏អស្ចារ្យរបស់យើងបានឡើយ»។ ដំណើរទស្សនកិច្ចរបស់ លោក ត្រាំ មកកាន់តំបន់អាស៊ីពេលនេះ គឺធ្វើឡើងចំពោះមុខភាពតានតឹងនៅឧបទ្វីបកូរ៉េ ស្ថិតនៅក្នុងសភាពក្តៅគគុក ដែលការធ្វើតេស្តមីស៊ីល ឬនុយក្លេអ៊ែរ អាចនឹងកើតមានឡើងគ្រប់ពេលវេលា។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅជប៉ុន លោក ដូណាល់ ត្រាំ និងលោកជំទាវទី១ លើពិភពលោក មេឡានៀ ត្រាំ នឹងបន្តដំណើរទៅ កូរ៉េខាងត្បូង ចិន វៀតណាម និងចុងបញ្ចប់គឺនៅហ្វីលីពីន៕