(ឡូសអាន់ជែឡែស)៖ អវកាសយានិក​អន្តរជាតិមួយក្រុម បានធ្វើការហ្វឹកហាត់ និងតេស្តឧបករណ៍​​អង្កេតអាចម៍​ផ្កាយ​ពិតៗមួយ ដែលមានឈ្មោះថា 2012 TC4 ដែលបណ្តោយ ១៥ម៉ែត្រ និងទទឹង ០៨ម៉ែត្រ ប្រកបដោយ​ជោគជ័យ ជាលើកដំបូងបំផុត ដែលប្រការនេះជាក្តីសង្ឃឹមមួយ ក្នុងការការពារភព​ផែនដី ពីការវាយប្រហារដោយ​អាចម៍ផ្កាយធំៗ​ជាងនេះ ដែលយើងអាចកំណត់​បាននៅថ្ងៃអនាគត។ នេះបើតាម​ការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ចំពោះអាចម៍ផ្កាយទំហំ​តូចខាងលើ ត្រូវបានក្រុមអវកាសយានិក​កំណត់បាន និងយកជា​វត្ថុអវកាស​សម្រាប់​ធ្វើការហ្វឹកហាត់ជំនាញជាក់ស្តែង ដោយសារតែវាមានចលនាកៀកនឹងផែនដីបំផុត ហើយក៏នឹងបង្កគ្រោះថ្នាក់ដល់ផែនដីផងដែរ។ បេសកកម្មដែល​គេឲ្យឈ្មោះថា «ការអង្កេត TC4» ត្រូវបានបាញ់បង្ហោះកាលពី​ខែមេសា កន្លងទៅនេះ ដោយមានការជួយជ្រោមជ្រែងពី ការិយាល័យ​សម្របសម្រួលផ្នែកការពារ ​នៃអង្គការ NASA សហរដ្ឋអាមេរិក។

កម្មវិធីខាងលើនេះ គឺមានតួនាទីអង្កេត​អាចម៍ផ្កាយ ឬវត្ថុអវកាសនានា ដែលមានទិសដៅ​អាច​គំរាម​កំហែងដល់​ភពផែនដី ហើយយើងចាប់​ផ្តើមប្រើឧបករណ៍អវកាស តាមដានវាតែម្តង ដើម្បីបានដឹងថា តើវានឹងអាចបុកផែនដី ឬទេ។ ការធ្វើលំហាត់ហ្វឹកហ្វឺននេះ ចាប់ផ្តើមដំបូងបំផុត​កាលពីចុង​ខែកក្កដា នៅពេលដែលកែវយឺត​មួយរបស់អឺរ៉ុប បានរកឃើញអាចម៍​ផ្កាយមួយ ដែលអាចគំរាមកំហែងផែនដី ហើយនៅទីបំផុតវាត្រូវបានគេសិក្សា អំពីលទ្ធភាពជាក់ស្តែងតែម្តង ដើម្បីតេស្តប្រព័ន្ធផ្តល់​សញ្ញា​ព្រមាន ដែលមានស្រាប់​នៅលើឧបករណ៍ ដែលត្រូវបានបង្ហោះ ពេល​អាចម៍ផ្កាយ​នោះ​មក​កៀកនឹងផែនដី​បំផុត កាលពីពាក់​កណ្តាល​ខែតុលា ប្រកបដោយជោគជ័យ។

គួរបញ្ជាក់ថា អាចម៍ផ្កាយ 2012 TC4 បានហោះមកកៀងនឹងផែនដីបំផុត កាលពីថ្ងៃទី១២ ខែតុលា ក្នុងរយៈចម្ងាយ ៤៣,៧៨០គីឡូម៉ែត្រ ដែលវត្ថុអវកាសមួយនេះ មានរង្វិលលឿនណាស់​ដែលត្រូវបានអង្កេតដោយកែវយឺតជាច្រើន នៅបណ្តាប្រទេសដូចជា អាមេរិក កាណាដា កូឡុំប៊ី អាល្លឺម៉ង់ អ៊ីស្រាអែល ជប៉ុន ហូឡង់ រុស្ស៊ី និងអាហ្វ្រិកខាងត្បូង។ ការអង្កេតអំពីលទ្ធភាពបង្ក​គ្រោះថ្នាក់​​របស់អាចម៍ផ្កាយនានា ដោយឧបករណ៍របស់ NASA ខាងលើនេះ គឺជាជោគជ័យមួយ ឆ្ពោះទៅរកការ​សិក្សា និងអង្កេតអាចម៍ផ្កាយផ្សេងៗ ទាំងតូចទាំងធំ ដែលមានទិសដៅមកកៀកផែនដី៕

https://img.purch.com/h/1000/aHR0cDovL3d3dy5zcGFjZS5jb20vaW1hZ2VzL2kvMDAwLzA0Ni8xMDMvb3JpZ2luYWwvTmVvLUFsYW15LXZpYS1uZW9zaGVpbGQuanBn