BREAKING NEWS (Update): ធ្ងន់ធ្ងរ! ព្យុះទីហ្វុងដំរីវាយលុកវៀតណាម «ផ្តាច់ជីវិតមនុស្សកើនដល់ ១៩នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន» នៅបណ្តាខេត្តភាគកណ្តាល!
05-11-2017 12:08
(ហាណូយ)៖ ព្យុះទីហ្វុងដ៏កំណាចមួយដែលមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម និងផ្តាច់យកជីវិតមនុស្សមកទល់នឹងពេលនេះ កើនឡើងដល់ ១៩នាក់ហើយ ខណៈមនុស្ស ១២នាក់ទៀត នៅក្នុងខេត្ត Khanh Hoa, Phu Yen និង Binh Dinh ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាជ្ញាធរវៀតណាម បានឲ្យដឹងនៅថ្ងៃអាទិត្យនេះទៀតថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់ នៅក្នុងខេត្តភាគកណ្តាលទាំងបីខាងលើនេះ ទូកនេសាទប្រមាណជាង ១០០គ្រឿង ក៏ត្រូវបានព្យុះដំរីមួយនេះ បោកពន្លិចទៅក្នុងសមុទ្រផងដែរ។ សម្រាប់ការខូចខាតផ្សេងៗទៀតនោះ គឺផលដំណាំជាច្រើនហិកតា ត្រូវបានលិចលង់ទៅក្នុងជំនន់ទឹកភ្លៀងយ៉ាងគំហុក ខណៈផ្ទះ ៣៧០ខ្នងបានដួលរលំទាំងស្រុង និងប្រជាជន ៣៣,០០០នាក់ ត្រូវបានជម្លៀស។
គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើងយ៉ាងទាន់ហន់ នៅមុនប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ហើយក៏មុនដំណើរមកដល់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ សម្រាប់តំបន់ដែលកំពុងទទួលរងគ្រោះធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគកណ្តាលប្រទេស៕