BREAKING NEWS: គ្រោះរញ្ជួយផែនដី «កម្រិតធ្ងន់ ៦.៩រ៉ិចទ័រ» វាយប្រហារប្រជុំកោះ Tonga ក្នុងដែនសមុទ្រប៉ាស៊ីហ្វិក!
04-11-2017 17:12
(ប៉េកាំង)៖ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងនៅមុននេះបន្តិចថា គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ រហូតដល់ទៅ ៦.៩រ៉ិចទ័រ បានវាយប្រហារតំបន់មួយ ដែលស្ថិតនៅចម្ងាយ ១៣០គីឡូម៉ែត្រ ពីភាគឦសាននៃកោះ Hihifo នៃប្រទេសដីកោះ តុងហ្គា (Tonga) ស្ថិតនៅភាគនិរតី នៃមហាសាគរប៉ាស៊ីហ្វិក។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីខាងលើនេះ កើតឡើងពីក្នុងជម្រៅដី ៨០គីឡូម៉ែត្រ ហើយដោយសារតែវាស្ថិតនៅឆ្ងាយពីតំបន់ ដែលមានមនុស្សម្នារស់នៅនោះ វាទំនងជាមិនបង្កការខូចខាត និងមនុស្សរងគ្រោះនោះឡើយ ក៏ប៉ុន្តែសម្រាប់លទ្ធភាព ដែលអាចកើតមាននូវរលកយក្សស៊ូណាមិវិញនោះ គឺពុំទាន់មានការបញ្ជាក់នោះទេ។
គួរបញ្ជាក់ថា តុងហ្គា គឺជារាជាណាចក្រ ឬប្រទេសប្រជុំកោះឯករាជ្យមួយ ដែលមានកោះសរុប ១៧០ ស្ថិតនៅក្នុងមហាសាគរប៉ាស៊ីហ្វិក ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយ ពីប្រជុំកោះ ហ្វីជី និងសាម៉ូវ។ ដោយសារដែនប្រជុំកោះនេះ ស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះវាងាយរងគ្រោះធម្មជាតិនានាខ្លាំងណាស់ ជាពិសេសរញ្ជួយដី៕