(ញូដេលី)៖ គ្រាប់បែកកំណត់ទីតាំង ដែលមានទម្ងន់ស្រាល តែមានកម្លាំងខ្លាំង និងផលិតនៅក្នុងស្រុក​ ត្រូវបានកងទ័ពឥណ្ឌា ធ្វើតេស្តជាលើកដំបូង ព្រមទាំងទទួលបានជោគជ័យ ស្ថិតនៅរដ្ឋ Odisha ភាគខាងកើតប្រទេស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ ដកស្រង់សម្តីពីមន្ត្រី​ក្រសួងការពារ​ជាតិ​​ឥណ្ឌា នារសៀលថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

សេចក្តីរាយការណ៍​បានបន្តទៀតថា ការធ្វើតេស្តត្រូវបានធ្វើឡើង ដោយកងទ័ពអាកាសឥណ្ឌា តាមរយៈការទម្លាក់គ្រាប់បែកពីលើយន្តហោះ ទៅលើទីតាំងស្ថិតនៅ​តាមបណ្តោយឆ្នេរសមុទ្រ Chandipur នៃរដ្ឋ Odisha ដោយវាជាប្រភេទគ្រាប់បែកកំណត់ទីតាំង ជាមួយនឹងការ​ស្វែងរកចំណុចត្រឹមត្រូវ ព្រមទាំងកម្លាំងផ្ទុះខ្លាំងក្លា។

ក្រសួង​ការពារជាតិ​ឥណ្ឌា បានបញ្ជាក់​យ៉ាងដូច្នេះថា «យើងបានធ្វើតេស្ត​សរុបបីលើក ជាមួយនិង​ស្ថានការណ៍ និងរយៈចម្ងាយខុសៗ​គ្នា ហើយគ្រប់លើក​គឺទទួលបាន​ជោគជ័យ»។ គ្រាប់បែក​ប្រភេទថ្មី ជាផលិតផល​ក្នុងស្រុកនេះ ត្រូវបាន​អភិវឌ្ឍន៍ និងបង្កើតចេញ​ជារូបរាងឡើង​ដោយមជ្ឈមណ្ឌល​ស្រាវជ្រាវ Imarat (RCI) និងអង្គការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារ​ជាតិឥណ្ឌា (DRDO) សហការណ៍​ជាមួយនិងមន្ទីរ​ពិសោធន៍នានា របស់កងទ័ពអាកាស៕