(ដាម៉ាស់)៖ ទីបំផុតមូលដ្ឋានរឹងមាំចុងក្រោយរបស់ក្រុមភេរវករ ISIS នៅក្នុងទឹកដីប្រទេសស៊ីរី ត្រូវបានកងទ័ពរដ្ឋាភិបាលទីក្រុង ដាម៉ាស់ ក្រសោបយកបានមកវិញហើយ ក្រោយពីការប្រយុទ្ធគ្នាដ៏ក្តៅគគុករាប់សប្តាហ៍ រវាងភាគីទាំងពីរ នៅទីក្រុង Deir al-Zour ដ៏ធំរបស់ស៊ីរីមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាល្ងាចថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទូរទស្សន៍រដ្ឋស៊ីរី បានចេញផ្សាយនៅថ្ងៃសុក្រនេះថា «ទីក្រុង Deir Al-Zour ត្រូវបានរំដោះទាំងស្រុងពីភេរវករឡើយ»។ បច្ចុប្បន្ននេះ កងទ័ពស៊ីរី និងសម្ព័ន្ធមិត្ត កំពុងតែធ្វើការបោសសម្អាតកាកសំណល់ និងស្តារសន្តិសុខឡើងវិញនៅក្នុងតំបន់នោះ។ សម្រាប់ទីក្រុងមួយនេះ មួយភាគធំត្រូវបាន ISIS សង្គ្រប់កាន់កាប់កាលពីឆ្នាំ២០១៤ ហើយវាជាតំបន់សំខាន់ណាស់សម្រាប់ក្រុមភេរវករនេះ ព្រោះវាស្ថិតនៅព្រំដែនជាប់ប្រទេសអ៊ីរ៉ាក់។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានកើតមានឡើងជាច្រើនសប្តាហ៍មកហើយ ទើបកងទ័ពស៊ីរីអាចទទួលយកបាន ខណៈឥទ្ធិពល ISIS ក៏កំពុងថមថយជាបណ្តើរៗទៅហើយដែរ។ ចាប់តាំងពី ISIS មកគ្រប់គ្រងតំបន់ខាងលើនេះ ប្រជាជនស៊ីរីប្រមាណ ៣៥០,០០០នាក់ បានរត់ភៀសខ្លួនចេញពីលំនៅឋានទៅកាន់តំបន់ផ្សេង ឬភៀសទៅក្រៅប្រទេសតែម្តង៕