(ម៉ាឌ្រីត)៖ ប្រជាជនអេស្ប៉ាញរាប់ពាន់នាក់ រស់នៅក្នុងតំបន់ Catalonia បានប្រមូលផ្តុំគ្នានៅទីលានកណ្តាលទីក្រុង Barcelona ដើម្បីសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការចាប់ខ្លួនអតីតរដ្ឋមន្ត្រីចំនួន ០៨រូប របស់អតីតតំបន់ស្វយ័តមួយនេះ ទៅឃុំខ្លួនជាបណ្តោះអាសន្ន ពីបទចូលរួមផ្សំគំនិតបង្កការបះបោរ និងប្រកាសឯករាជ្យ ខណៈអតីតប្រធានាធិបតី ដែលទើបត្រូវបានទម្លាក់ចេញពីអំណាច បានរត់ទៅជ្រកកោណនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នារសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
តុលាការកំពូលរបស់អេស្ប៉ាញ បានចេញដីកាបង្គាប់ឲ្យចាប់ឃុំខ្លួន អតីតមន្ត្រីកំពូលៗរបស់តំបន់ Catalonia ព្រមទាំង លោក ខាឡែស ភីកដឺម៉ុន ដែលជាអតីតមេដឹកនាំរបស់អតីតតំបន់ស្វយ័ត មួយនេះផងដែរ ប៉ុន្តែដោយសាររូបលោកកំពុងស្នាក់នៅទីក្រុងព្រុចសែលនោះ ទើបអតីតរដ្ឋមន្ត្រីនានាដែលត្រូវបានគេចោទប្រកាន់ថា បានរួមផ្សំគំនិតក្នុងអំពើបះបោរ និងការប្រើប្រាស់មូលនិធិរដ្ឋ ក្នុងផ្លូវខុសថែមទៀត ត្រូវចាប់ឃុំខ្លួនជាបន្តបន្ទាប់ ដើម្បីរង់ចាំការកាត់ទោស។
បន្ថែមពីនេះទៀត អតីតរដ្ឋមន្ត្រីរបស់ Catalonia បួនរូបផ្សេងទៀត ក៏បានទទួលដីកាឲ្យចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់ផងដែរ ប៉ុន្តែពួកគេបានបដិសេធ។ ដោយឡែក លោក ភីកដឺម៉ុន ដែលជាអតីតមេដឹកនាំ បានបង្កការបះបោរ និងប្រកាសឯករាជ្យស្ងាត់ៗនៅ Catalonia នោះបានប្រកាសពីទីក្រុងព្រុចសែលមកវិញថា លោកមិនបានរត់ភៀសខ្លួនពីការចាប់ខ្លួននោះឡើយ ហើយការដែលលោកទៅកាន់ទីនោះ គឺដើម្បីប្រមូលការគាំទ្រ ពីបណ្តាប្រទេសសហភាពអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Marinao Rajoy បានប្រកាសចំណាត់ការតាមផ្លូវច្បាប់មួយ ដោយធ្វើការក្រសោបយកតំបន់ Catalonia មកឲ្យទីក្រុងម៉ាឌ្រីត គ្រប់គ្រងវិញ (ដកសិទ្ធិស្វ័យភាព និងតំណែងរដ្ឋបាលតំបន់) ដោយសារតែរដ្ឋបាលតំបន់នេះ ហ៊ានប្រកាសឯករាជ្យ ដោយរំលោភទាំងស្រុងលើរដ្ឋធម្មនុញ្ញអេស្ប៉ាញ មាត្រា ១៥៥ ហើយនាយករដ្ឋមន្ត្រីខាងលើនេះ បានកំណត់ឲ្យរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋបាលថ្មីរបស់ Catalonia នៅថ្ងៃទី២១ ខែធ្នូ ចុងឆ្នាំ២០១៧នេះ៕