(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អភិបាលរដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក លោក Jerry Brown បានធ្វើការរិះគន់សេចក្តីព្រាងច្បាប់ថ្មី ស្តីពីការកាត់បន្ថយពន្ធទ្រង់ទ្រាយធំ ទៅលើក្រុមហ៊ុននានានៅក្នុងសហរដ្ឋអាមេរិក ដោយអ្នកគាំទ្របក្សប្រជាធិបតេយ្យរូបនេះបានអះអាងថា វាជាប្រការអាក្រក់សម្រាប់ប្រជាជនអាមេរិកទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Brown បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «សេចក្តីព្រាងពន្ធដារដ៏ទាន់ហន់ ដែលត្រូវបានប្រកាសដោយសភាថ្ងៃនេះ គឺជាការកាត់យកប្រាក់ចំណូលពីបុគ្គល និងក្រុមគ្រួសារនានា ទៅឲ្យក្រុមហ៊ុនធំៗដែលមានអំណាចទៅវិញទេ។ នេះជានយោបាយសេដ្ឋកិច្ចដ៏អាក្រក់របស់គណបក្សសាធារណរដ្ឋ និងជារឿងអាក្រក់ថែមទៀត សម្រាប់ប្រជាជនអាមេរិក»។
គួរបញ្ជាក់ថា នេះជាការឆ្លើយតបលើកទីពីរហើយរបស់ លោក Brown ទៅនឹងសេចក្តីព្រាងស្នើឡើងទៅសភា ដោយគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាច នៅក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានរៀបរៀងច្បាប់ថ្មីនេះឡើង ដោយឈរលើគោលគំនិត «កាត់បន្ថយពន្ធ ដើម្បីបង្កើនការងារ» ដែលលោកធ្លាប់បានសន្យា តាំងពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមកម្ល៉េះ៕