(រុស្ស៊ី)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានទាត់ចោលលិខិតស្នើសុំជាបន្តបន្ទាប់របស់រុស្ស៊ី ដែលមានសរុប ២០ច្បាប់ ដែលបានសំណូមពរឲ្យអាមេរិក ធ្វើការត្រួតពិនិត្យទ្រព្យសម្បត្តិស្ថានទូត និងកុងស៊ុលរុស្ស៊ី នៅក្នុងទឹកដីមហាអំណាចមួយនេះ ដែលត្រូវបានអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា បង្កកទុកកាលពីចុងឆ្នាំ២០១៦ ក្រោយលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកិច្ចប្រជុំគណកម្មាធិការទី ៦ នៃអង្គការសហប្រជាជាតិ មន្ត្រីតំណាងរុស្ស៊ី លោក Maxim Musikhin បានថ្លែងថា អាជ្ញាធរអាមេរិកបានធ្វើការរឹបអូស ស្ថានកុងស៊ុលរុស្ស៊ីស្ថិតនៅ Maryland និង Long Island កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ដោយធ្វើការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលការបោះឆ្នោតអាមេរិក (ការធ្វើឲ្យលោក ត្រាំ ឈ្នះឆ្នោត)។
គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០១៦នោះមក ប្រទេសរុស្ស៊ីបានដាក់សំណើសរុប ២០ច្បាប់ ទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីឲ្យខ្លួនអាចចូលទៅត្រួតពិនិត្យមើលស្ថានទូត និងប្រព័ន្ធការពារជុំវិញនោះ ដើម្បីធានាថា ទ្រព្យសម្បត្តិទូតរបស់ខ្លួនទាំងអស់ មិនទទួលរងការប៉ះពាល់ ប៉ុន្តែសំណើទាំងអស់ត្រូវបានទាត់ចោល ដោយគ្មានការពន្យល់អ្វីទាំងអស់។ រុស្ស៊ីក៏នៅតែទទូចឲ្យរដ្ឋបាលអាមេរិក ក្នុងនាមជាម្ចាស់ប្រទេស ដកការរឹតបន្តឹងទាំងអស់ ទៅលើទ្រព្យសម្បត្តិទូតទាំងនោះ៕