(ព្យុងយ៉ាង)៖ ប្រទេស​កូរ៉េខាងជើង បានសម្តែងការរិះគន់ធ្ងន់ៗ​សាជាថ្មី ចំពោះ​សហរដ្ឋអាមេរិក​ដែលកំពុងតែបញ្ឆេះភាពតានតឹងនៅ​ឧបទ្វីបកូរ៉េ តាមរយៈ​ការបញ្ជូនយន្តហោះ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ដ៏មានអានុភាព B-1B មកក្នុងតំបន់។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ យន្តហោះទម្លាក់គ្រាប់​បែក​យុទ្ធសាស្ត្រ B-1B ដែលត្រូវ​បានចាត់ទុក​ជាសព្វាវុធដ៏មាន​អានុភាពបំផុត ដែលអាចទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរនោះ ត្រូវបានបញ្ចូនពី​មូលដ្ឋានទ័ព​អាកាស Anderson នៅលើកោះ Guam នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ប្រការនេះត្រូវបាន​កូរ៉េខាងជើង​អះអាងថា សហរដ្ឋអាមេរិក​កំពុងតែបង្កឲ្យ​ស្ថានការណ៍កាន់តែតាន​តឹង និងនាំទៅរកការផ្ទុះ​សង្គ្រាមនុយក្លេអ៊ែរ​ជាមិនខាន។

ទោះបីជាបែបនេះក្តី សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បានចេញ​ផ្សាយថា «ដើម្បីត្រៀម​ធ្វើសមយុទ្ធ​​ទម្លាក់​គ្រាប់បែក ដែល​កូរ៉េខាងត្បូង និងអាមេរិកកំពុងតែ​ត្រៀម​ធ្វើការវាយប្រហារ​ទៅលើទីតាំងនានា​នៅកូរ៉េខាងជើង»។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង ​ក៏បានបន្ថែមទៀត​ដែរថា នាវាមុជទឹក​នុយក្លេអ៊ែរ Ronald Reagan ក៏នៅតែបន្តស្ថិតក្នុងដែនទឹក​ឧបទ្វីបកូរ៉េដដែល រួមជាមួយនឹងនាវាដឹក​យន្តហោះចម្បាំង​ពីរគ្រឿងទៀត៕