(អាមេរិក)៖ បន្ទាប់ពីបានហៅភេរវករថាជាសត្វមួយក្បាល ដែលបានវាយប្រហារដោយបើករថយន្ត បំបុកមនុស្សស្លាប់ ០៨នាក់ និងរបួសមួយចំនួន​ទៀត នៅទីក្រុងញូយ៉កកាលពី​ថ្ងៃពុធនោះ លោក ដូណាល់ ត្រាំ បាន​ប្រកូកប្រកាស​បន្ថែមទៀតដោយ​ទាមទារឲ្យ​មានការប្រហារជីវិត​ជននោះចោល​តែម្តង ដើម្បីជាការព្រមាន​ចំពោះទង្វើ​ដ៏អាក្រក់ និងគួរឲ្យស្អប់ខ្ពើម​បំផុតនេះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន Sputnik នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្រាប់ជន​ដែលអាមេរិក​អះអាងថា ជាភេរវករឈ្មោះ Sayfullo Saipov វ័យ ២៩ឆ្នាំ ត្រូវបានចោទប្រកាន់​ជាលើកដំបូងចំពោះការផ្តល់​សម្ភារៈ និងធនធាន​គាំទ្រក្រុម ISIS និងបទល្មើស​ទីពីរ គឺការបើករថយន្ត​បំបុកមនុស្ស ដែលបានបណ្តាល​ឲ្យស្លាប់ចំនួន០៨នាក់ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ អគ្គរដ្ឋអាជ្ញា Joon Kim បានពន្យល់ថា «គ្រាន់តែបទឧក្រិដ្ឋទី១ នេះក៏វាគ្រប់គ្រាន់នឹងឲ្យ Saipov ទទួលទោសប្រហារជីវិតបានដែរ។ ដោយឡែក​សម្រាប់បទឧក្រិដ្ឋ​ទីពីរ​វិញនោះក៏មិនខុសគ្នា​នោះដែរ»

លោក ត្រាំ បានសរសេរបង្ហោះ នៅលើបណ្តាញ Twitter របស់លោក យ៉ាងដូច្នេះថា «ជនបង្កអំពើភេរវកម្មនៅញូវយ៉ក បានសប្បាយរីករាយ​ ដោយសុំឲ្យ​ដោតទង់ជ័យ ISIS ក្នុងបន្ទប់​មន្ទីរពេទ្យ ដែលគេ​កំពុងស្ថិត​នៅទៀត។ រូបគេបានសម្លាប់​មនុស្ស០៨នាក់ និងបង្ករបួសធ្ងន់​ដល់​មនុស្ស១២នាក់។ ដូច្នេះគេគួរតែទទួលទោស​ប្រហារជីវិត...!»។ មុននៃការថ្លែង​បែបនេះ លោក ដូណាល់ ត្រាំ ក៏បានស្នើ​ទៅសភា ដើម្បីលុបចោល​​ការអនុញ្ញាត​ឲ្យមាន ការលេងឆ្នោតពិសេស ឬ Green card lottery ដែលកន្លងមក តែងតែបានអនុញ្ញាត​​ឲ្យជនបរទេស​ដែលឈ្នះមានសិទ្ធិមករស់​នៅក្នុងសហរដ្ឋអាមេរិកនោះ៕

.