(យូអិន)៖ ប្រេសិតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅចំពោះមុខមហាសន្និបាត UN ថា តាមពិតទៅយើងមិនដែលមានភស្តុតាងណាមួយ ដែលបញ្ជាក់ថា កូរ៉េខាងជើងមានគ្រាប់មីស៊ីលបំពាក់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់ដីអាមេរិកនោះឡើយ ហើយអ្វីដែលបានកើតមានឡើងកន្លងមក អាចគ្រាន់តែចេតនាមួយរបស់ទីក្រុងព្យុងយ៉ាង ដើម្បីអួតពិភពលោកថាខ្លួនមានសមត្ថភាពដូច្នោះ ក្នុងន័យការពារកុំឲ្យអាមេរិកវាយប្រហារប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រេសិតកំពូលខាងលើនេះ បានបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា «គ្មានភស្តុតាងណា អះអាងពីរឿងនេះឡើយ។ ទីក្រុងព្យុងយ៉ាងទំនងជាចង់ឲ្យគ្រប់គ្នាកគិតថា ខ្លួនមានអាវុធប្រភេទនោះមែន ព្រោះពួកគេមិនចង់ទទួលរងការវាយប្រហារប៉ុណ្ណោះ»។ ទោះបីជាបែបនេះក្តី មន្ត្រីតំណាងរុស្ស៊ីរូបនេះ ក៏បានព្រមានផងដែរថា ការវាយប្រហារណាមួយ ទៅលើប្រទេសកូរ៉េខាងជើង នឹងប្រាកដជាបង្កើតបញ្ហាធំបំផុតមួយឡើង ហើយគ្រប់គ្នាជាអ្នករងគ្រោះ គ្មាននរណាគេចផុតនោះទេ៕