(រ៉ង់ហ្គូន)៖ ទីបំផុតលោកស្រី អោងសាង ស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានសម្រេចទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅក្នុងរដ្ឋរ៉ាឃីន ភាគពាយ័ព្យប្រទេស​​ដែលកំពុងតែគ្របដណ្តប់​ ដោយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាហើយ បន្ទាប់ពីរងការដាក់សម្ពាធ​កាន់តែធ្ងន់ ពី​សហគមន៍អន្តរជាតិ។ នេះបើតាម​ការចេញផ្សាយដោយ បណ្តាញព័ត៌មាន​ទាន់ហេតុការណ៍ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។

បណ្តាញព័ត៌មាន​បរទេសជាច្រើនបានចេញផ្សាយថា យោធាមីយ៉ាន់ម៉ា បានយកលែសថា ជនជាតិរ៉ូហ៊ីងយ៉ា​មួយចំនួន គឺជាក្រុមភេរវករ​ដែលបង្កការអុកឡុក ក្នុងរដ្ឋរ៉ាឃីន ទើបខ្លួន​ធ្វើការបង្ក្រាប ដែលជាហេតុនាំ​ឲ្យជនជាតិរ៉ូហ៊ីងយ៉ា​ប្រមាណជាង ៦០០,០០០នាក់ ទៅហើយ ត្រូវរត់ភៀសខ្លួន ទៅជ្រកកោណ​ជាបណ្តោះអាសន្ន នៅប្រទេសបង់ក្លាដែស ដោយផ្សងគ្រោះថ្នាក់​នឹងគ្រាប់មីន ព្រមទាំងការលិចទូក​ បណ្តាលឲ្យស្លាប់រាប់ពាន់នាក់​ទៅហើយ។

គួរបញ្ជាក់ថា ទោះបីជាលោកស្រី ស៊ូជី ហាក់មិនអាចមាន​លទ្ធភាពក្នុងការលូកដៃ ​ចូលក្នុង​កិច្ចការយោធា ដើម្បីដោះស្រាយវិបត្តិ​រ៉ូហ៊ីងយ៉ាក៏ដោយ ប៉ុន្តែការរិះគន់​ភាគច្រើន គឺឆ្ពោះមកកាន់​លោកស្រីផ្ទាល់​តែម្តង ពីព្រោះតែ​លោកស្រី គឺជាមេដឹកនាំនៃរដ្ឋាភិបាល​ស៊ីវិលមីយ៉ាន់ម៉ា ដែលគួរណាស់តែត្រូវប្រើប្រាស់​អំណាច​ទៅតាមផ្លូវច្បាប់ និងប្រកបដោយភាពត្រឹមត្រូវ​ក្នុងការពារជនជាតិ រ៉ូហ៊ីងយ៉ា ដែលកំពុងតែរង​ទុក្ខ​វេទនា ចំពោះមុខក្រសែ​ភ្នែកអន្តរជាតិ។

សេចក្តីរាយការណ៍​ចុងក្រោយបានឲ្យដឹងថា ពេលនេះលោកស្រី ស៊ូជី កំពុងស្ថិតនៅទីក្រុង Sittwe ហើយនឹងបន្តដំណើរ​ទៅទីក្រុង Maungdaw ព្រមទាំង Buthiduang ផងដែរ ដែលសុទ្ធសឹងតែ​ជាតំបន់ កំពុងប្រមូលផ្តុំដោយបញ្ហា៕