ផ្ទុះករណីបាញ់ប្រហារស្លាប់មនុស្ស ០២នាក់ នៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក!
02-11-2017 10:00
(ថនតុន)៖ មនុស្សមួយចំនួនបានទទួលរងការបាញ់ប្រហារ នៅក្នុងហាងមួយឈ្មោះ Walmart នៃជាយទីក្រុង Denver រដ្ឋខូឡូរ៉ាដូ (Colorado) សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ ខណៈព័ត៌មានជាបឋមគឺ មនុស្ស ០២នាក់ស្លាប់ និងម្នាក់រងរបួស ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Retuers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប៉ូលិសនៅក្នុងក្រុង ថនតុន (Thornton) រដ្ឋខូឡូរ៉ាដូ បានបញ្ជាក់ថា «មនុស្សស្លាប់ទាំងពីរនាក់គឺជាបុរស ហើយស្ត្រីម្នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។ បន្ថែមពីនេះ ប៉ូលិសមិនបានបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ ឬក៏ចាប់ខ្លួននោះឡើយ ដោយសារតែកន្លែងកើតហេតុមានសភាពតានតឹង ហើយមនុស្សម្នាត្រូវបានប្រាប់ឲ្យនៅឆ្ងាយពីកន្លែងកើតហេតុ។
គួរបញ្ជាក់ថា ហេតុការណ៍ដែលបានបង្កការភ្ញាក់ផ្អើលដល់ប៉ូលិសនោះ ដំបូងឡើយគឺស្នូរកាំភ្លើង បានលាន់លឺឡើងចេញពីហាងលក់ទំនិញ Walmart (បើតាមសាក្សី បានលឺចំនួន ០៦គ្រាប់) រួចប៉ូលិសក៏បញ្ជូនកម្លាំងទៅកាន់កន្លែងកើតហេតុតែម្តង។ ក្រុងថនតុន មានប្រជាជនរស់នៅ ១៣៦,០០០នាក់ ដែលមានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង Denver ដែលជាទីក្រុងធំរបស់រដ្ឋខូឡូរ៉ាដូ៕