(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានស្នើបញ្ឈប់កម្មវិធីឆ្នោតផ្សងសំណាង Green card lottery ដោយបញ្ជាក់ថា វាជាកម្មវិធីដែលផ្តល់ឱកាសដល់ជនសង្ស័យដែលធ្វើការវាយប្រហារក្នុងទីក្រុង ញ៉ូវយកនោះ ចូលមកដែនដីអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។

សរសេរក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter ប្រធានាធិបតីរូបនេះ បានស្នើឱ្យកម្មវិធីផ្តល់ឱកាសដល់ជនអន្តោប្រវេស្តន៍មួយនេះ ត្រូវបានជំនួសវិញដោយប្រព័ន្ធដែលមានមូលដ្ឋានគ្រឹះត្រឹមត្រូវ។

ប្រធានាធិបតី ដូណាល់ត្រាំ បានថ្លែងនាថ្ងៃពុធនេះថា «ពួកភេរវករ បានចូលមកដែនដីអាមេរិក តាមរយៈអ្វីដែលយើងឱ្យឈ្មោះថា កម្មវិធី Diversity Visa Lottery នេះតែម្តង។ ខ្ញុំត្រូវការមូលដ្ឋានច្បាស់លាស់។ យើងចាំបាច់ត្រូវតែបង្កើនភាពតឹងរឹង និងឆ្លៀសវៃជាងមុន»