(តេហេរ៉ង់)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់ហើយនៅថ្ងៃពុធនេះ សំដៅពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ខណៈទំាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី (Hassan Rouhani) ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើកកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ និងវិបត្តិនៅស៊ីរី ជាទីដែលទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ កំពុងធ្វើសកម្មភាពយោធាគំាទ្រកងកម្លាំងរដ្ឋាភិបាលស៊ីរី លោក បាស្សា អាល់សាដ រីឯ សហរដ្ឋអាមេរិក និងអារ៉ាប់គាំទ្រក្រុមប្រឆាំងស៊ីរី។ ជាមួយគ្នានោះដែរ ថ្លែងនាឱកាសទទួលស្វាគមន៍ លោក ពូទីន លោករូហានី បានគូសបញ្ជាក់ដូច្នេះថា៖«យើងពិតជារីករាយ ណាស់ដែលក្រៅពីទំនាក់ទំនងទ្វេភាគីរបស់យើង ប្រទេសយើងទាំងពីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។   

គួរបញ្ជាក់ថា បើតាមមន្ត្រីអ៊ីរ៉ង់ម្នាក់ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ Reuters ទាំងរុស្ស៊ី និងអ៊ីរ៉ង់កំពុងស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក។ ដូច្នេះដំណើរទស្សនកិច្ច របស់លោកពូទីនគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីការប្ដេជ្ញាចិត្ត ពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រដែលនឹង កំណត់ពីជោគវាសនាតំបន់មជ្ឈិមបូព៌ា ហើយអ៊ីរ៉ង់គ្មានជម្រើស ណាផ្សេងក្រៅតែពីខិតជិតរករុស្ស៊ី ដើម្បីទប់ទល់ជាមួយទីក្រុងវ៉ាស៊ីនតោន៕