(តូក្យូ)៖ លោក ស៊ីនហ្សូ អាបេ ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) នោះ ត្រូវបានបោះឆ្នោតជ្រើសតាំង ឲ្យធ្វើជានាយករដ្ឋមន្រ្តីជប៉ុនបន្តនាអាណត្តិថ្មីទៀតនាថ្ងៃពុធនេះ ដោយសភាទាំង ០២ជាន់ថ្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការបន្តអាណត្តិកាន់អំណាចរបស់លោក អាបេ ក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុនទៅថ្ងៃមុខទៀតនេះ អាចកើតមានឡើងទៅបាន ក៏ដោយសារតែលោកធានាបាននូវសំឡេងឆ្នោតភាគច្រើន នៅក្នុងសភាជាន់ទាប ត្បិតស្ថាប័ននេះ គឺជាអ្នកមានអំណាចចុងក្រោយ ដើម្បីសម្រេចទៅលើរឿងនេះ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញជប៉ុន។ ដោយឡែក ការបោះឆ្នោតឲ្យលោកធ្វើជានាយករដ្ឋមន្រ្តី នៅឯសភាជាន់ខ្ពស់វិញនោះ គ្រាន់តែជាការបង្រ្គប់កិច្ចប៉ុណ្ណោះ។
នៅថ្ងៃដដែលនេះ បន្ទាប់ពីត្រូវតែងជាផ្លូវការ ឲ្យកាន់មុខតំណែងជានាយករដ្ឋមន្រ្តីជប៉ុនបន្តទៀត លោក អាបេ នឹងប្រកាសពីសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក៏ប៉ុន្តែរូបលោកត្រូវគេរំពឹងថា នឹងធ្វើការតែងតាំងសមាជិកចាស់ ឲ្យនៅបន្តកាន់តំណែងដូចដើមដដែល។ គណៈរដ្ឋមន្រ្តីលើកទី ០៤ របស់លោក អាបេ គិតចាប់តាំងពីលោក បានកាន់តំណែងនេះឡើងវិញកាលពីឆ្នាំ២០១២នោះ នឹងចូលស្បថស្បែរ នៅឯពិធីបញ្ជាក់អត្តសញ្ញាណមួយ ក្នុងព្រះរាជវាំងជប៉ុន។
គួរបញ្ជាក់ថា ជោគជ័យដ៏ភ្លូកទឹកភ្លូកដីរបស់បក្ស LDP នៅក្នុងការបោះឆ្នោតសភាជាន់ទាប កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅ បានបង្កើនឱកាសដែលថា លោក ស៊ីនហ្សូ អាបេ នឹងឈរឈ្មោះដើម្បីបន្តកាន់តំណែងជាមេបក្សនេះ ដែលនឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំក្រោយ ព្រមទាំងឱកាសរបស់ លោក អាបេ ក្នុងការក្លាយខ្លួនជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចយូរជាងគេបង្អស់ ចាប់តាំងពីសង្រ្គាមលោកលើកទី ០២មក៕